រឿងអាស្រូវគាបស៊ីពលរដ្ឋក្រីក្រ ដកលោក សន និល ពីអធិការ ដាក់លោក ផាន់ ឡុង អធិការរង ឡើងអធិការស្ដីទីស្រុករតនមណ្ឌល
បាត់ដំបង ៖ លោកផែង វណ្ណៈ ជាមន្រ្តីយោធា និងអ្នកលេងហ្វេសប៊ុក នៅថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បន្ទាប់ពីបែកធ្លាយនូវរឿងអាស្រូវ របស់លោកអធិការស្រុករតនមណ្ឌល និងមន្ត្រីក្រោមឱវាទ ជំរិតទារលុយពីបុរសម្នាក់ចំនួន១.២០០ដុល្លារ ដើម្បីបិទសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ដកលោកវរសេនីយ៍ឯក សន និល ពីអធិការ ដាក់លោក ផាន់ ឡុង អធិការរង ទទួលបន្ទុកសណ្ដាប់ធ្នាប់ ស្រុករតនមណ្ឌល ឡើងអធិការស្ដីទី ។
លោកផែង វណ្ណៈ បានបញ្ជាក់ថា ”នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ ខ្ញុំបាទ រួមទាំងបងប្អូនក្រុមការងារមនុស្សធម៌ ប្រចាំខេត្តបាត់ដំបង បានចុះទៅជួបសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ ដោយលោកអធិការស្រុករតនមណ្ឌលចាប់ជំរិតនៅ ភូមិត្រែង ឃុំ ផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងបាននាំយកថវិកាចំនួន ៥០០០០០ រៀលទៅជូនគ្រួសារគាត់ដែលមានជីវភាពក្រីក្រ ។ បន្ទាប់ពីចេញពីជួបប្រជាពលរដ្ឋ ខ្ញុំបានឆ្លៀតមកជួបលោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ទោស្នងការ បានឲ្យដឹងថា លោកមិនយោគយល់ ចំពោះកំហុសឆ្គង របស់លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល ដែលធ្វើបាបរាស្ត្រនោះទេ “។
បន្ទាប់ពីផ្ទុះរឿងអាស្រូវនេះ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានបញ្ជាឲ្យលោក សន និល យកលុយមកប្រគល់ជូន ជនរងគ្រោះវិញជាបន្ទាន់ ។ នៅរសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ លោក សន និល បានយកថវិកាចំនួន ១២០០ ដុល្លារ ដែលលោកជំរិតយកពីប្រជាពលរដ្ឋ ស្លូតត្រង់ គ្មានកំហុសមកប្រគល់ជូន ប្រជាពលរដ្ឋវិញ ។
បន្ទាប់ពីលោកសន និល បានប្រគល់លុយជូនជនរងគ្រោះវិញ លោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានដកលោក សន និល មកនៅការិយាល័យបុគ្គលិក ហើយបានតែងតាំងលោក ផាន់ ឡុង អធិការរងទទួលបន្ទកសណ្ដាប់ធ្នាប់ ឡើងជាអធិការស្ដីទី បណ្ដោះអាសន្នរង់ចាំការសម្រេចពីថ្នាក់ដឹកនាំអគ្គស្នងការ និង ក្រសួងមហាផ្ទៃ ។
ពេលនេះលោកវរសេនីយ៍ឯក សន និល បានស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរង់ចាំក្រុមការងារ ស្រាវជ្រាវ សាកសួរកសាងសំណុំរឿង សុំយោបល់ទៅថ្នាក់ដឹកនាំខាងលើ ។
លោកផែង វណ្ណៈ បានលើកឡើងថា ករណីនេះ មានម្ចាស់អាខោន Facebook scoopy scoopy នៅបាត់ដំបង ដែលចេញមុខកាង លោក សន និល អធិការនគរបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ម្ចាស់អាខោននេះ បានខំមិនគំរាមថា អ្នកសូក និង អ្នកស៊ីសំណូក មានទោសដូចគ្នា ដែលក្នុងន័យនេះ គេចង់ព្រមានជនរងគ្រោះ កុំឲ្យប្ដឹងលោកអធិការ ។ តែបុរសម្នាក់នេះ ភ្លេចគិតថា ទង្វើរបស់ លោក សន និល អធិការនគរបាលស្រុករតនមណ្ឌល គឺជាករណីចាប់រាស្ត្រស្លូតត្រង់ជំរិតយកលុយដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត មិនអាចយោគយល់បានទេ ។ បើគ្មានការផ្សព្វផ្សាយទង្វើថោកទាបរបស់ សន និល តាមសារព័ត៌មាន ឬ តាម Facebook ទេ មិនដឹងថា រាស្ត្រវេទនាយ៉ាងណាទេ ។ ឥឡូវលោក Scoopy Scoopy ឆ្លើយមកថា ហេតុអ្វីបានលោក សន និល ក្អួតលុយដែលជំរិតរាស្ត្រមកឲ្យរាស្ត្រវិញ ? លុយនោះជាលុយអ្វី ? ទង្វើរបស់លោក មិនខុសពីរួមដៃគ្នា ជាមួយជនល្មើស ស្លៀកឯកសណ្ឋានកងកម្លាំង ជំរិតធ្វើបាបរាស្ត្រនោះទេ” ។
បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវរបស់លោកអធិការស្រុករតនមណ្ឌល និងមន្ត្រីក្រោមឱវាទជំរិតទារលុយពីបុរសម្នាក់ចំនួន១២០០ដុល្លារ ដើម្បីបិទសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន នារសៀលថ្ងៃទី២៧ សីហា នេះ លោកសន និល អធិការនគរបាលស្រុករតនមណ្ឌល បានសម្រេចប្រមូលលុយទាំងអស់ យកទៅប្រគល់ជូនឪពុកជនរងគ្រោះវិញគ្រប់ចំនួនហើយ ។
រាស្ត្ររងគ្រោះនៅស្រុករតនមណ្ឌលចោទលោក សន និល អធិការ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថាបានជំរិតយកលុយគាត់ ១.២០០ ដុល្លារ ជាថ្នូរនឹងការដោះលែងកូនគាត់ ដែលគ្មានកំហុសឲ្យត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែលោក សន និល បានបដិសេធថា គាត់មិនបានយក ១.២០០ ដុល្លារទេ គាត់ ( សន និល ) ទទួលបានតែ ៣ លានរៀល ទេ ។ ហេ ហេ ហេ កុំថាឡើយលោកសារភាពថាទទួលបាន ៣ លានរៀល ទោះបីទទួលបាន ១០០ រៀល ក៏មានទោសដែរ គឺបទប្រើប្រាស់តួនាទីចាប់រាស្ត្រជំរឹតយកលុយ ។
បន្ទាប់ពីមានការបែកធ្លាយនូវរឿងអាស្រូវរបស់លោកអធិការស្រុករតនមណ្ឌល និងមន្ត្រីក្រោមឱវាទជំរិតទារលុយពីបុរសម្នាក់ចំនួន១.២០០ដុល្លារ ដើម្បីបិទសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន នារសៀលថ្ងៃទី២៧ សីហា ។
ឪពុកជនរងគ្រោះ គឺលោកលី រុន អាយុ៥៦ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល បាននិយាយថា លោកសូមអរគុណ ដែលលោកអធិការបានប្រគល់លុយឱ្យលោកវិញ ខណៈដែលលោកកំពុងប្រឈមនឹងលុយបំណុលនេះ ។ លោកបានទទួលលុយគ្រប់ចំនួនហើយ គឺចំនួន៤,៨០លានរៀល ស្មើនឹង១២០០ដុល្លារ ហើយលោកក៏ព្រមព្រៀងបញ្ចប់រឿងនេះ មិនប្ដឹងប្ដល់អ្វីទៀតដែរ ៕