នគរបាលឃាត់ខ្លួនអ្នកគ្រូបង្រៀនម្នាក់ បង្ហោះសារឌឺដងប្រមាថមន្ត្រីរាជការសាធារណៈ កំពុងអនុវត្តន៍ការងារ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក
ក្រុងបានលុង ៖ កម្លាំងអធិការនៃអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធនឹងករណី បង្ហោះឌឺដងប្រមាថមន្ត្រីរាជការសាធារណៈ ដែលកំពុងអនុវត្តន៍ការងារ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក ។
ជនសង្ស័យខាងលើមាន ឈ្មោះ សំ ពិសី (ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ @Sam Pisey) ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ ឡាបាសៀក ក្រុងខេត្តរតនគិរី ។
ក្រោយពីបានសួរនាំ នៅអធិការដ្ឋាននគរបាលក្រុង រួចមកជនសង្ស័យខាងលើ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ធ្វើកិច្ចសន្យា និងសន្យាបង្ហោះសុំទោសជាសាធារណៈនៅលើបណ្ដាញសង្គម រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
អ្នកគ្រូ សំ ពិសី បានធ្វើកិច្ចសន្យាបញ្ឈប់ទាំងស្រុង រាល់ការផុសតាមបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ចសាធារណៈ និងអ្នកដទៃ។ ពេលត្រឡប់ទៅផ្ទះវិញ នាងខ្ញុំនឹងផុសសុំទោសជាសាធារណៈ ដល់សមត្ថកិច្ចដែលបម្រើការងារ និងរៀបចំសណ្ដាប់ធ្នាប់ កន្លែងចាក់វ៉ាក់សាំង ដែលនាងខ្ញុំបានផុស តាមបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងទឹកចិត្តរបស់ពួកគាត់កន្លងមក ។ បើសិនជាពុំដូចការរៀបរាប់ខាងលើនេះ ខ្ញុំសូមទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ៕