គ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ជាង៤តោន ត្រូវសមត្ថកិច្ចបង្រ្កាប
ភ្នំពេញ៖ គ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ ទម្ងន់ ៤,៥តោន ដែលស្តុកទុកឃ្លាំងមួយ ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
មន្ត្រីនគរបាលសេដ្ឋកិច្ចបានថ្លែងប្រាប់ថា ទីតាំងខុសច្បាប់មួយនេះ មិនត្រឹមតែស្តុកគ្រឿងសម្អាងក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងផលិត កែច្នៃ វេចខ្ចប់ និងចែកចាយគ្រឿងសម្អាងក្លែងក្លាយ ក្នុងកន្លែងតែមួយ។ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការមួយនេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ។ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀត សរុបចំនួន១៧មុខ បើគិតជាទម្ងន់ប្រមាណ ៤,៥តោន និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់។
ក្រោយពីត្រួតពិនិត្យ និងតាមការសម្រេច របស់លោកព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចបានដកហូត និងរក្សាទុក នូវភស្តុតាងដែលរកឃើញ ព្រមទាំងរៀបចំបិទទីតាំងខុសច្បាប់ ចំណែកឯជនសង្ស័យជាម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាននាំទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ៕