លោក សំ លាងទ្រី នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យរបស់លោក មាស សុភា និងលោកប្រាក់ សុវណ្ណ ប្រគេនវត្តចំនួន៩ នៅក្នុងស្រុកសង្គមថ្មី
ព្រះវិហារ ៖ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ចាន់ នន់វិទ្យាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយស្រុកសង្គមថ្មី ត្រូវបានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ដឹកនាំដោយលោក សំ លាងទ្រី ជាប្រធានក្រុមការងារ ខេត្តចុះជួយស្រុក នាំយកទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅទីអារ៉ាម វត្តចំនួន៩ហើយ នៅក្នុងស្រុកសង្គមថ្មី។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២១នេះ លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មីបានដឹកនាំក្រុមការងារ បន្តនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ របស់លោកទេសរដ្ឋមន្ត្រី មាស សុភា លោកប្រាក់ សុវណ្ណ និងលោក ចាន់ នន់វិទ្យា ទៅវេប្រគេនព្រះសង្ឃនៅវត្តទក្សិណគីរី ហៅវត្តសំឡាញ ស្ថិតក្នុងភូមិសំឡាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលនេះវត្តទី០៩ ដែលក្រុមការងារយកទៅប្រគេន។
លោក សំ លាងទ្រី នាឱកាសនេះ បានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាបជូនលោកតា លោកយាយ ពីការផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋយើងពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យពុទ្ធចក្រនិងអាណាចក្រនៅក្នុងខេត្តព្រះវិហារ។
លោកថា កម្មវិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ ដល់ព្រះសង្ឃនៅក្នុងស្រុកសង្គមថ្មីនេះ តាមការគ្រោងទុក គឺលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ អញ្ជើញចូលរួម ប៉ុន្តែដោយស្ថានភាពជំងឺកូវីដ–១៩ មានការឆ្លងរាលដាលខ្លាំង ក៏ដូចជាអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ–១៩នោះ ទើបលោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្តមិនបានចូលរួមវិញ។ក្នុងនាមប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ដោយមានការឯកភាពពីលោក ទែន សារុំ សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ុង គឹមហ៊ានអភិបាលរងខេត្តនិងលោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី លោកក៏បានណែនាំដល់ប្រធានក្រុមការងារខេត្ត ចុះជួយតាមឃុំនីមួយៗត្រូវដឹកនាំក្រុមការងារចុះដោយផ្ទាល់ នាំទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ របស់ថ្នាក់ដឹកនាំ ទៅប្រគេនតាមវត្តអារ៉ាមក្នុងឃុំរបស់ខ្លួនរៀងៗខ្លួន។
លោក សំ លាងទ្រីបានបញ្ជាក់ថា បើគិតត្រឹមថ្ងៃនេះ ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី បាននាំយកទេយ្យទានដែលក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ទៅប្រគេនព្រះសង្ឃកំពុងគង់ចាំព្រះវស្សាបានចំនួន ៩វត្តហើយ ដោយក្នុង១វត្តទទួលបាន ទៀនព្រះវស្សា១គូ អង្ករ ១០០ គ.ក ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីសៀម ៣ កេស ត្រីខ ៤ យូរទឹកត្រី ២ កេស ទឹកស៊ីអ៉ីវ ២ កេស អំបិល ១ បាវ ប៊ីចេង ៥គ.ក ឆៃប៉ូវ ១០គ.ក ខ្ទឹមស ៥គ.ក ប្រេងឆា ១ដបធំ តែ ២កញ្ចប់ ស្ករស ៥ គ.ក ទឹកដោះគោខាប់១កេស ទៀនតូច ១ គ.ក ធូប ១ដុំធំ ប្រេងម៉ាស៊ូត ៣០ លីត្រ បច្ច័យសរុប ១លានរៀល ផងដែរ៕