ស្ថានទូតអូស្រ្តាលី និងក្រសួងអប់រំ រួមគ្នាបរិច្ចាគសៀវភៅ ដល់សាលារៀនមួយចំនួន
ភ្នំពេញ ៖ នៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២១នេះ ស្ថានទូតអូស្រ្តាលី បានរៀបចំកម្មវិធីរួមគ្នាជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រគល់សៀវភៅ ជូនដល់សាលាបឋមសិក្សាមួយចំនួន រួមទាំងសាលាបឋមសិក្សាព្រះនរោត្តមផងដែរ។ កម្មវិធីនេះ មានការចូលរួមពី ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន ឯកអគ្គរាជទូត Kang ព្រមទាំងសិស្សសាលាបឋមសិក្សាពីរនាក់ ដែលបានបំពេញការងារយ៉ាងអស្ចារ្យ ក្នុងការអានរឿងនិទានដែលពួកគេចូលចិត្ត ឲ្យយើងស្តាប់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី បានបញ្ជាក់ថា យើងសូមថ្លែងអំណរគុណដល់ បុគ្គលិកស្ថានទូត សមាជិកសហគមន៍ សភាពាណិជ្ជកម្មអូស្ត្រាលី និង សាលាអូស្ត្រាលីអន្តរជាតិភ្នំពេញ ចំពោះការបរិច្ចាគសៀវភៅរបស់ពួកគេ និងសូមថ្លែងអំណរគុណជាពិសេស ដល់ លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន ម៉ូនូមែនប៊ុក ដែលបានបរិច្ចាគសៀវភៅចំនួន ១០០០ ក្បាល! ការបរិច្ចាគរបស់អ្នកទាំងអស់គ្នា បានជួយដល់សាលារៀនក្នុងប្រទេស បន្តលើកកម្ពស់សារៈសំខាន់នៃការអាន និងការអប់រំ ខណៈពេលដែលសាលារៀនត្រូវបានបិទ ឬ ប្តូរមកបង្រៀនតាមអ៊ីនធឺណេត ដោយសារតែជំងឺកូវីដ-១៩។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម Pablo Kang មានសេចក្តីរីករាយ ដែលបានចូលរួម ជាមួយ ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធី បរិច្ចាគសៀវភៅ ដល់សាលាបឋមសិក្សាព្រះនរោត្តម និងសាលារៀននានាក្នុងប្រទេស ដើម្បីអបអរសប្ដាហ៍ សៀវភៅ របស់អូស្ត្រាលី ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ ដល់ ២៧ ខែ សីហា។
អូស្ត្រាលី ជាអ្នកគាំទ្រប្រកបដោយមោទនភាព ទៅលើសិទ្ធិទទួលបានការអប់រំសម្រាប់កុមារកម្ពុជា ទាំងអស់ និងបានប្រគល់សៀវភៅ ចំនួន ១ ៣០៨ក្បាល ដល់សាលាបឋមសិក្សាព្រះនរោត្តម និងសាលា រៀននានាក្នុងប្រទេស ដែលជាអំណោយរបស់ បុគ្គលិកស្ថានទូតអូស្រ្តាលីនិងក្រុមគ្រួសារ សមាជិកសហគមន៍ និងលោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន ម៉ូនមែនប៊ុក។
ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា “ការផ្តោតលើអក្ខរកម្ម និងភាពរីករាយនៃការអាន ជា ការសំខាន់ជាងពេលណាៗទាំងអស់ ខណៈពេលដែលសាលារៀនត្រូវបានបិទ ឬប្ដូរមកបង្រៀនតាមអ៊ីនធឺណិ តដោយសារតជំងឺកូវីដ-១៩”។
ឯកអគ្គរាជទូត Kang បានបន្ថែមថា “អូស្ត្រាលីប្ដេជ្ញាពង្រឹងទំនាក់ទំនង ផ្នែកអប់រំជាមួយកម្ពុជា ការ បរិច្ចាគសៀវភៅនេះ ជាមធ្យោបាយមួយ ដែលស្ថានទូតអូស្ត្រាលី បន្តចូលរួមជាមួយសាលារៀននៅកម្ពុជា ដោយសង្ឃឹមថា ពួកគេនឹងអាចបើកដំណើរការឡើងវិញ ក្នុងពេលឆាប់ៗនេះ ក្នុងបរិបទដែលមានសុវត្ថិភាពពីជំងឺកូវីដ-១៩”។
ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បានជួយបញ្ជាក់ពីសារៈសំខាន់ នៃអក្ខរកម្មនៅកម្ពុជា។
សប្ដាហ៍សៀវភៅត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ១៩៤៥ ដើម្បីនាំកុមារឲ្យស្រឡាញ់សៀវភៅ តាមរយៈសកម្មភាពនានា ដូចជា ការប្រកួតសៀវភៅ ការនិទានរឿង ការអាន និងការ ស្លៀកពាក់តាមសម្លៀកបំពាក់តួអង្គ ក្នុងសៀវភៅហើយដើរតាមផ្លូវ។
ឯកអគ្គរាជទូត Kang បានថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន សម្រាប់ការគាំទ្រកម្មវិធីនេះ និងជួយសម្រួលដល់ការបរិច្ចាគសៀវភៅដល់ សាលាបឋមសិក្សាព្រះនរោត្តម និង សាលារៀននានាក្នុងប្រទេស។
ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា “ខណៈពេលដែលវាមានការពិបាក ក្នុងការស្វែងរកវិធី បង្រៀនកុមារនៅតាមផ្ទះ ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ សប្តាហ៍សៀវភៅរំលឹកយើងថា ការអានអាចជំរុញបំផុសគំនិតយើង ហើយយើងទាំងអស់គ្នា អាចចំណាយពេលដ៏រីករាយ អានសៀវភៅល្អៗ ជាមួយកូនៗ របស់យើង” ៕