ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC បន្តជំរុញលើកិច្ចការឲ្យកាន់ស៊ីជម្រៅ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

80

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារនេះ តាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ដើម្បីជំរុញបន្ថែមលើកកិច្ចការសំខាន់ៗឲ្យកាន់តែស៊ីជម្រៅ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារក្រោយបញ្ចប់កិច្ចប្រជុំនេះថា «ក្រោយពីយើងបានរៀបចំ នៅសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅឆមាសទី២រួចហើយ គឺថ្ងៃនេះគឺការអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺយើងត្រូវធ្វើការរៀបចំ ឬក៏ធ្វើការប្រកាសនូវលទ្ធផលនៃសន្និបាតរបស់យើងហើយដាក់ចេញនូវសកម្មភាពអនុវត្ត ដែលសកម្មភាពទាំងអស់ ត្រូវបានសម្រេចសម្រេចនៅក្នុងសន្និបាតដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានដាក់ចេញនូវទិសដៅសំខាន់ៗ ដែលត្រូវធ្វើ។ អ៊ីចឹងថ្ងៃនេះ គឺយើងយកអ្វីដែលជាលទ្ធផលនៃសន្និបាតនៃអនុសាសន៍ណែនាំរបស់សម្ដេចប្រធានយកមកបញ្ជាក់បន្ថែម បំភ្លឺបន្ថែមជូនដល់គណៈកម្មការជំនាញ CAMSOC ក៏ដូចជាសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីជំរុញយន្តការអនុវត្តបន្ត»។
ឯកឧត្តមបន្ថែមថា ការអនុវត្តទៅតាមអ្វីដែលមានចែង និងកំណត់នៅក្នុងការសម្រេចរបស់គណៈអចិន្ត្រៃយ៍ឧត្តមបណ្ឌិត ថោង ខុន ក៏ដូចជាអគ្គលេខាធិការដ្ឋាន រួមជាមួយនឹងសហព័ន្ធកីឡាជាតិ ក៏ដូចជាគណៈកម្មការជំនាញទាំងអស់ឲ្យបានជ្រួតជ្រាបអំពីខ្លឹមសារអត្ថន័យពិតប្រាកដ នៃការជំរុញយន្តការអនុវត្តនៅក្នុងឆមាសទី២។ ឯកឧត្ដមបណ្ឌិតមានប្រសាសន៍ថា ឆមាសទី២នេះត្រូវបន្តធ្វើឲ្យគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅលើការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ ដែលឲ្យបានសម្រេចតាមគោលដៅរបស់ថ្នាក់ដឹកនាំ។ អ្វីដែលសេសសល់ គឺត្រូវរៀបចំ និងសុំគោលការណ៍ថ្នាក់ដឹកនាំសម្រេចឲ្យបានរួចរាល់ នៅក្នុងដំណាក់កាលនៃឆមាសទីពីរឆ្នាំ២០២១នេះ ជាពិសេសគឺការរៀបចំឲ្យបានហ្មត់ចត់បំផុត។
គណៈកម្មការជំនាញនីមួយៗត្រួតត្រួតពិនិត្យ និងតាមដានបន្ថែម លើកាលបរិច្ឆេទនៃការកំណត់អនុវត្តការងារ ឬហៅថាការកំណត់ពេលវេលាច្បាស់លាស់នៅក្នុងការអនុវត្តការងារ។ ជារួម យើងទាំងអស់គ្នា នៅគ្រប់គណៈកម្មការជំនាញទាំងអស់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ដោយនៅពេលនេះ គឺយកទៅអនុវត្តតាមផ្នែកជំនាញ ទាំងផ្នែកជំនាញកីឡា ទាំងផ្នែកការរៀបចំព្រឹត្តិការណ៍ ការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ចេញជាផ្លែផ្កា។ យើងបានទទួលនូវ ការឯកភាពគ្នានៅក្នុងអង្គប្រជុំអីពិសេសមួយទៀតគឺការបោះជំរុំហ្វឹកហាត់វាត្រូវពន្លឿនឲ្យទាន់ពេលវេលាឲ្យរួចរាល់ឲ្យលឿន ដើម្បីបំពេញនូវកាតព្វកិច្ចរបស់យើងក្នុងការរក្សានូវការបង្កើនគុណភាពបច្ចេកទេសដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីកសាងសមត្ថភាពរបស់គាត់ដោយភ្ជាប់ជាមួយនឹងវិធានការទប់ស្កាត់កូវីដ-១៩។ ដូច្នេះនៅដំណាច់ឆមាសទី២ ឆ្នាំ២០២១នេះ គ្រប់សកម្មភាពការងារទាំងអស់ត្រូវធ្វើឲ្យបានរួចរាល់ ហើយចាប់ពីដើមឆ្នាំ២០២២តទៅទៅ គឺចាប់ផ្តើមអនុវត្តតែម្តង ពីព្រោះឆ្នាំ២០២២ គឺជាឆ្នាំបើកដំណើរ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣តែម្តង»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ៕

អត្ថបទដែលជាប់ទាក់ទង