ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនមេខ្យល់ម្នាក់ទៀតទៅតុលាការ ក្រោយឃាត់ខ្លួនករណីនាំពលករខ្មែរ៧នាក់ ឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់

99

 

បាត់ដំបង៖ សមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនបុរស ជាមេខ្យល់ម្នាក់ទៀតទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយឃាត់ខ្លួនបានក្នុងករណី លួចនាំពលករខ្មែរ ប្រុស ស្រីចំនួន០៧នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។

បើតាមលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជារការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៧ បានឱ្យដឹងថា ការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះធ្វើឡើង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ នៅត្រង់ចំណុចភូមិសាស្ត្រក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា ការចុះអនុវត្តច្បាប់នេះធ្វើឡើងរវាងកម្លាំងនគរបាលការពារព្រំដែនលេខ៨១៧ កម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ នៅថ្ងៃកើតហេតុបានចុះឃាត់ខ្លួនមេខ្យល់ម្នាក់ រួមជាមួយពលករខ្មែរចំនួន០៧នាក់ផ្សេងទៀត ខណៈពេលដែលពួកគេបម្រុងលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់។

លោកបានបន្តថា មុខសញ្ញាមេខ្យល់ដែលបានឃាត់ខ្លួនខាងលើមាន ឈ្មោះ យឹម ជឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកក្រុមពលករខ្មែរទាំង០៧នាក់ ក្នុងនោះមានស្រី០៤នាក់ រស់នៅទីតាំងផ្សេងៗពីគ្នា។

លោកបានបន្ថែមថា ចំពោះប្រជាពលរដ្ឋជាពលករអនុវត្តវិធានការអប់រំ ណែនាំ។ រីឯមេខ្យល់ត្រូវកម្លាំងជំនាញរបស់លោក ប្រគល់ឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង