កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទ លើផ្ទៃទន្លេសាប ក្នុងស្រុកក្រគរ ដោយបំផ្លាញរបាំងសាច់អួន បង្គោលចំរឹង
ពោធិ៍សាត់ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានប្រើប្រាស់កម្លាំងសរុបចំនួន ៥៥នាក់ មធ្យោបាយកាណូតចំនួន ១៣គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល លើផ្ទៃទន្លេសាបក្នុងស្រុកក្រគរ មានរយៈពេល០៣ថ្ងៃ ចាប់ពីឃុំ កំពង់លួង រហូតដល់ ភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ និងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរុះរើបំផ្លាញចោលនូវឧបករណ៍បទល្មើសនេសាទ របាំងសាច់អួន បង្គោលចំរឹង និងបានចាក់លែងកូនត្រីចម្រុះ៥០ គីឡូក្រាមចូលទៅក្នុងទន្លេ ។
អធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល លើផ្ទៃទន្លេសាបក្នុងស្រុកក្រគរ មានរយ:ពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៣រហូតដល់ទី២៥ខែសីហាឆ្នាំ២០២១នេះ ដោយមានសមាសភាពចូលរួមមាន លោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម លោកនាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត លោកស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច កងរាជអាវុធហត្ថខេត្តនិងស្រុក លោកអភិបាលរងស្រុកក្រគរ២នាក់ លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ មន្ដ្រីបរិស្ថាន កម្លាំងយោធាខេត្ត និង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៥៥នាក់ មធ្យោបាយកាណូតចំនួន ១៣គ្រឿង ដ្រូន(Drone) ចំនួន ០១គ្រឿង ចាប់ពីឃុំ កំពង់លួង រហូតដល់ ភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ និងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ និងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងការបង្រ្កាបបទល្មើសនេសាទនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានរុះរើបំផ្លាញចោលនូវ ឧបករណ៍បទល្មើសនេសាទ រួមមាន៖ របាំងសាច់អួនចំនួន ៧២ ខ្សែ ប្រវែង ២១,៦០០ ម៉ែត្រ,ក្បាលបរចំនួន ២១ គ្រឿង,បង្គោលចំរឹងចំនួន ១២,៧៥០ដើម, និងបានចាក់លែងកូនត្រីចម្រុះ៥០ គីឡូក្រាមចូលទៅក្នុងទន្លេ ។
ប្រភពរបាយការណ៍ បានឲ្យដឹងទៀតថា ជាចុងក្រោយ ឯកឧត្ដមអភិបាលរងខេត្ត ខូយ រីដា បានផ្ដាំផ្ញើដល់ក្រុមការងារថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នឹងបន្ដចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង៕