សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធបាញ់តដៃជាមួយសមត្ថកិច្ច ចំនួន០២នាក់ (ថៃ០១នាក់) ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបចាប់ខ្លួន និងរឹបអូសគ្រឿងញៀន ជាង ២៨គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាប លើ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ដោយគោលដៅទី១-បណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀបខ័ណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ និងគោលដៅទី២-ផ្ទះលេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រតិបត្តិការបង្រ្កាប ជនល្មើសបានធ្វើការតដៃដោយបាញ់មកលើកម្លាំងសមត្ថកិច្ច ដែលធ្វើអោយសមត្ថកិច្ចត្រូវបាញ់តបត ដើម្បីការពារខ្លួនវិញ និងបានធ្វើអោយជនល្មើសទម្លាក់អាវុធប្រគល់ខ្លួនអោយសមត្ថកិច្ច។
ក្នុងប្រតិបត្តិការបង្រ្កាបប្រកបដោយគ្រោះថ្នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖
១-ឈ្មោះ គីម សម្ភោគ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ,
២-ឈ្មោះ Nak Praksert ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ passport no AC2045627 ។
ចាប់យកវត្ថុតាងសារធាតុញៀន
មេតំហ្វេតាមីន(ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ ២៣គ.ក្រ ៩៣៦ក្រាម
អ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ ៤គ.ក្រ ៨៣៨.៧៧ក្រាម
សម្ភារចាប់យកមាន រថយន្ត ៤គ្រឿង, ទូរសព្ទ័ ៦គ្រឿង, អាវុធខ្លី ម៉ាករ៉ូឡូ ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិនទាន់បាញ់ ៣គ្រាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ៕