រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការចាក់ដូសជំរុញសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើងទៅ នឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ រាជរដ្ឋាភិបាល បានគូសរំលេចដោយផ្អែកតាមការសិក្សាស្រាវជ្រាវ រកឃើញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ កម្រិតភាពសុាំប្រឆាំងនឹងមេរោគកូវីដ១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ។
អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឱ្យមានការចាក់ដូសជំរុញ។ បើតាមរាជរដ្ឋាភិបាល ការចាក់ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ រាជរដ្ឋាភិបាលបានណែនាំនូវគោលការណ៍ចំនួន៥ សម្រាប់ការចាក់ដូសជំរុញរួមមាន៖ គោលការណ៍ស្ម័គ្រចិត្ត, គោលការណ៍ឥតគិតថ្លៃ, ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទៅលើក្រុមមនុស្ស និងតាមទីតាំងភូមិសាស្ត្រ, ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ និងយន្តការអនុវត្តគោលនយោបាយ។
រាជរដ្ឋាភិបាល បានណែនាំគ្រប់ក្រសួង-ស្ថាប័ន, គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងយន្តការដែលមានការពាក់ព័ន្ធ ផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងរៀបចំអនុវត្តគោលនយោបាយស្តីពីការចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
រាជរដ្ឋាភិបាលសង្ឃឹមនិងជឿជាក់ថា ប្រជាពលរដ្ឋ និងវិស័យឯកជននឹងបន្តចូលរួមផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើតឱ្យមាន «ភាពសុាំសហគមន៍រឹងមាំពិតប្រាកដមួយ» ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជន និងសម្រាប់ ឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅ ជាមួយនឹងវត្តមានជំងឺកូដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕