ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនីឆាបឆេះ មន្ទីរពហុព្យាបាល និងសម្ភាព សុខ លាភ មេត្រី ខូចខាតសម្ភារៈមួយចំនួន នៅខណ្ឌបឹងកេងកង

175

 

ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួន។

នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សុខ វិសាលគុណ ភេទប្រុស អាយុ២៥ឆ្នាំ ជាម្ចាស់គ្លីនិក ហើយមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ គឺដោយសារតែឆ្លងចរន្តអគ្គិសនី។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា ក្នុងហេតុការណ៍នេះ បានបំផ្លាញអគារថ្មបេតុងទំហំ១២ម៉ែត្រ គុណនឹង២០ម៉ែត្រ ខូចខាតម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង, តុទូរដាក់សម្ភារៈមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។

ដោយឡែកសម្រាប់កិច្ចប្រតិបត្តិការសង្គ្រោះវិញ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹកនោះទេ ហើយករណីអគ្គិភ័យនេះ បានរលត់ទាំងស្រុងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃដដែល៕

អត្ថបទដែលជាប់ទាក់ទង