ទើបចេញពីពន្ធនាគារថ្មីៗ មកប្លន់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ ៖ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុុកមេសាង ខេត្តព្រៃវែងកម្លាំងជំនាញនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង ចុះធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិ ចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)។
ប្រតិបត្តិការនេះដឹកនាំដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ការិយាល័យជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦និង៣០នាទី ជនរងគ្រោះឈ្មោះ ម៉ុម ថាណូ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បានជិះរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AW-៩៧៣៨ ចេញពីផ្ទះ ដេីម្បីទៅហូបគុយទាវនៅម្តុំផ្សារឈូកមាស ជាមួយឈ្មោះ ណាំ ង វិល័យ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ឯក សុខន ភេទប្រុស អាយុ ៥៩ឆ្នាំ ។
ក្រោយមក នៅវេលាម៉ោង ០៩និង០០នាទី ជនរងគ្រោះ បេីករថយន្តម្នាក់ឯងទៅដីឡូតិ៍គ្មានលេខផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ចំណុចកេីតហេតុ) ចំែណកឈ្មោះ ណាំង វិល័យ និងឈ្មោះ ឯក សុខន ជិះរថយន្ត០១គ្រឿងទៀត ទៅតាមក្រោយ នៅពេលដែលអ្នកទាំងពីរនាក់ បានទៅដល់ដីឡូតិ៍របស់ជនរងគ្រោះ ដោយសុីផ្លេរថយន្តឲ្យបេីកទ្វាររបង តែជនរងគ្រោះបានស្រែកហៅឲ្យជួយផងបែកក្បាលហូរឈាមឈឺណាស់ ភ្លាមនោះឈ្មោះណាំង វិល័យ បានស្រែកហៅកម្មករម្នាក់ឲ្យផ្លោះរបងចូលក្នុងដីឡូតិ៍ វាយផ្តាច់មេសោ ហេីយបានជួយជនរងគ្រោះ ទៅព្យាបាលនៅគ្លីនិចរ៉េមប៉ូ។
សម្ភារៈបាត់បង់រួមមាន ៖ ចិញ្ជៀនត្បូងពេជ្រ ០១វង់ , ទូរស័ព្ទម៉ាក សាំសុងអេច៩ មួយគ្រឿង និងម៉ាកអូប៉ូមួយគ្រឿង។
ចំពោះជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ធ្លាប់មានប្រវត្តិសកម្មភាពលួចរថយន្ត ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងបានជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ និងបានចេញនៅខែកក្កដា ឆ្នាំ២០២១។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕