ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីចិនបកស្រាយ បន្ថែមទៀត អំពីគោលជំហរនៃបញ្ហាស្វែងរក ប្រភពដើមជំងឺវីរុសកូវីដ

87

បរទេស៖ នាថ្ងៃទី២៥ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានបកស្រាយបន្ថែមទៀតអំពីគោលជំហររបស់ភាគីចិនលើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុស។ លោកមានប្រសាសន៍ថា លោកឯកអគ្គរដ្ឋទូត Chen Xu តំណាងអចិន្រ្តៃយ៍ចិនប្រចាំទីក្រុងហ្សឺណែវបានផ្ញើសារលិខិតទៅកាន់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និងបានប្រគល់“ចំណុចសង្ស័យនៃFort Detrick(វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក)” និង“ស្ថានភាពស្រាវជ្រាវមេរោគកូរ៉ូណាដោយក្រុមការងារលោកBaricនៃសាកលវិទ្យាល័យ North Carolina” និងព្រមទាំងសារលិខិតជាសាធារណៈរបស់អ្នកក្នុងបណ្ដាញអ៊ិនធើណេតជាង២៥លាននាក់ស្នើសុំស្រាវជ្រាវពីមូលដ្ឋានបន្ទាយFort Detrick។

លោកបានសង្កត់ធ្ងន់ថា គោលជំហររបស់ចិនលើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសជាសកលគឺមានលក្ខណៈច្បាស់លាស់និងមិនប្រែប្រួល។ ការស្វែងរកប្រភពដើមជំងឺវីរុសជាបញ្ហាវិទ្យាសាស្រ្ត ចិនតែងគាំទ្រនឹងបន្តចូលរួមក្នុងកិច្ចការមួយនេះតាមបែបវិទ្យាសាស្ត្រ។ របាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការWHO ទទួលបានសេចក្តីសន្និដ្ឋានដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិនិងបណ្ដាស្ថាប័នវិទ្យាសាស្រ្ត ត្រូវតែទទួលបានការគោរពនិងអនុវត្ត កិច្ចការស្វែងរកប្រភពដើមជំងឺវីរុសដំណាក់កាលបន្ទាប់គួរតែអាចរៀបចំឡើងដោយផ្អែកលើរបាយការណ៍នេះជាមូលដ្ឋាន។

លោកបានលើកឡើងថា មន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងអ៊ូហានបានទទួលអ្នកជំនាញអង្គការសុខភាពពិភពលោកចំនួនពីរលើក និងបានកំណត់ថាជំងឺវីរុសមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍អ៊ូហាននោះទេ នេះគឺជាការសន្និដ្ឋានយ៉ាងច្បាស់លាស់ក្នុងរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHO។ ប្រសិនបើភាគីពាក់ព័ន្ធបន្តយល់ថា ការបែកធ្លាយនៃមន្ទីរពិសោធន៍នៅមិនអាចដោះស្រាយបាន គួរធ្វើការស៊ើបស្រាវជ្រាវលើមូលដ្ឋាន Fort Detrick នៃសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ North Carolina ដោយឈរលើគោលការណ៍យុត្តិធម៌និងសច្ចធម៌។

លោកបន្តទៀតថា ជាក់ស្តែង សហគមន៍អន្តរជាតិនិងប្រជាជនអាមេរិកមានការចាប់អារម្មណ៍ខ្លាំងពីសកម្មភាពមិនស្របច្បាប់ មិនតម្លាភាព និងអសន្តិសុខដែលពាក់ព័ន្ធជាមួយFort Detrick។ ទីតាំងមូលដ្ឋាននេះ គឺជាជំរុំដ៏ធំសម្រាប់សកម្មភាពយោធានីយកម្មជីវសាស្ត្ររបស់សហរដ្ឋអាមេរិក រីឯវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិកគឺជាអង្គភាពដ៏សំខាន់បំផុតក្នុងចំណោមអង្គភាពដទៃទៀត។ នាយកវិទ្យាស្ថានខាងលើនេះតែងចូលរួមស្រាវជ្រាវនិងកែប្រែមេរោគកូរ៉ូណាយូរមកហើយ។ កាលពីឆ្នាំ២០១៩ ព្រឹត្តិការណ៍សុវត្ថិភាពត្រូវបានកើតឡើងយ៉ាងធ្ងន់ធ្ងរនិងត្រូវបានបិទ ហើយជាបន្តបន្ទាប់សហរដ្ឋអាមេរិកមានការផ្ទុះឡើងជំងឺវីរុសដែលមានលក្ខណៈស្រដៀងទៅនឹងរោគសញ្ញានៃជំងឺវីរុសកូវីដ-១៩។ ទាក់ទងនឹងបញ្ហាទាំងនេះ អាមេរិកមិនដែលធ្វើការបកស្រាយជូនដល់សហគមន៍អន្តរជាតិក៏ដូចជាប្រជាជនខ្លួនឯងនោះទេ។

លោកមានប្រសាសន៍ថា ចំពោះសាកលវិទ្យាល័យ North Carolina សហរដ្ឋអាមេរិកតែងលាបពណ៌បង្ខូចថាជំងឺវីរុសកូវីដ-១៩កើតចេញពីការពិសោធន៍លើមេរោគកូរ៉ូណាក្នុងមន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងអ៊ូហានទៅវិញ។ ជាក់ស្តែង សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយនិងជាអ្នកអនុវត្តលើការស្រាវជ្រាវបញ្ហានេះធំជាងគេនៅលើពិភពលោក។ ជាពិសេសក្រុមការងារលោក Baric នៃសាកលវិទ្យាល័យ North Carolina គឺជាក្រុមការងារស្រាវជ្រាវបញ្ហានេះដ៏ច្បាស់លាស់បំផុត ពួកគេមានសមត្ថភាពផ្គុំនិងកែប្រែមេរោគកូរ៉ូណាយ៉ាងស្ទាត់ជំនាញយូរមកហើយ។ ឱ្យតែធ្វើការស្រាវជ្រាវលើក្រុមការងារលោកBaricនិងបន្ទប់ពិសោធន៍ នឹងអាចបញ្ជាក់យ៉ាងច្បាស់ថាតើការស្រាវជ្រាវអំពីមេរោគកូរ៉ូណាមានមិនមាន អាចមិនអាចបង្កើតបានជាជំងឺវីរុសកូវីដ-១៩បាន។

លោកបាននិយាយថា ជារួម យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកឈប់ប្រើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើជាឈ្នាន់នយោបាយទៀតទៅ។ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តលើកឡើងជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ ត្រូវតែអញ្ជើញអង្គការសុខភាពពិភពលោកធ្វើការស្រាវជ្រាវនៅFort Fortrick និងសាកលវិទ្យាល័យ North Carolina។ ទន្ទឹមនឹងនេះ យើងក៏សង្ឃឹមថាសហគមន៍អន្តរជាតិនឹងខិតខំរួមគ្នា ទប់ស្កាត់ជាមួយទង្វើដែលយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ជំរុញកិច្ចស្វែងរកប្រភពដើមមួយនេះវិលត្រឡប់មកកាន់គន្លងប្រកបដោយកិច្ចសហប្រតិបត្តិការតាមបែបវិទ្យាសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង