ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំចំនួន ៦ចំណុច ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

285

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបចេញសេចក្ដីណែនាំចំនួន ៦ចំណុច ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាពិសេសត្រូវបន្តផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថាៈ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិបទដែលប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបកំពុងប្រឈមនឹងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (DELTA) និង ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសំដៅការពារសុខភាពសាធារណៈ អាយុជីវិតរបស់ប្រជាពលរដ្ឋ និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនុលោមទៅតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំដូចខាងក្រោម៖

១-រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល វិធានការ រដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងតឹងរឹង និងត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យបាននូវការគោរព និងអនុវត្តនូវវិធានការសុខាភិបាលនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ” និង “៣កុំ” នៅតាមទីតាំងសាធារណៈ នានា ជាពិសេសនៅតាមផ្សារ ទីកន្លែងលក់ទំនិញដែលមិនរៀបរយ វត្តអារាម វិហារសាសនា និងទីតាំងផ្សេងទៀតដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន

២-ត្រូវបន្តផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចខាងក្រោម៖

-អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្កាឌិន អាជីវកម្មម៉ាស្សា សូណា និងស្ទឹមគ្រប់ប្រភេទ -សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតសាលា រៀនដែលធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ -ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ -សារមន្ទីរ និងសួនកម្សាន្តនានា -រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

៣-ត្រូវបន្តផ្អាកជាបណ្តោះអាសន្នរាល់ការជួបជុំ និងការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ និងរាល់ការជួបជុំ ការប្រមូលផ្តុំមនុស្សដើម្បី សេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការចាក់ឧបករណ៍បំពងសម្លេង ការច្រៀង ឬរាំកម្សាន្ត។

៤-រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ អាជីវកម្មដែល ត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ភ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code “ទប់ស្កាត់កូវីដ” (Stop Covid) និង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង ៣កុំ “របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

៥-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ត្រូវពង្រឹងការអនុវត្តសេចក្តីសម្រេចលេខ ០៨១/២១ ស.ស.រ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកលក់គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តសៀមរាប

៦-ក្នុងករណីបុគ្គលណា ឬម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ បងប្អូន អាជីវករ ប្រជាពលរដ្ឋ និងសាធារណជន មិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមាន សមត្ថកិច្ចនឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទទួលបានសេចក្ដីណែនាំនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ គណៈកម្មការ គ្រប់គ្រងផ្សារ ម្ចាស់អាជីវកម្មគ្រប់ប្រភេទ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវចូលរួមអនុវត្ត តាមសេចក្ដីណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង