ក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័ត ស្តង់ដារអន្តរជាតិ មកធ្វេីជាស្តង់ដារជាតិ បានចំនួន២០ស្តង់ដារថែមទៀត
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំលើកទី២៤របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្ដង់ដារជាតិ ។
ឆ្លងកាត់កិច្ចពិភាក្សាយ៉ាងផុលផុសទាំងកំរិតបច្ចេកទេស ការរផ្តល់ធាតុចូលនិងកំណែអក្ខរាវិរុទ្ធ ដែលបានបកប្រែពីភាសាបច្ចេកទេសក្នុងចំណោមគណៈកម្មការបច្ចេកទេសចំនួន៨ ដែលមានការពាក់ព័ន្ធ អង្គប្រជុំ បានសម្រេចយកស្តង់ដារ ISO,IEC និងស្តង់ដារ UNECE Regulation ចំនួន២០បន្ថែមទៀតមកអនុវត្តជាស្តង់ដារជាតិ គឺ៖
ក-ផ្នែកស្តង់ដារសំណង់ និងសម្ភារៈសំណង់ចំនួន៣ស្តង់ដារ រួមមាន៖១-បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធសម្រាប់បំពង់បង្ហូរទឹក និងបណ្តាញលូទឹកស្អុយសាងសង់បង្កប់ក្រោមដី -២បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត និងសម្រាប់បំពង់បង្ហូរទឹកនិងលូទឹកស្អុយ ប៉ូលីអេទីឡែន(PE)-៣បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាតនិងសម្រាប់បំពង់បង្ហូរទឹកនិងលូទឹកស្អុPE។
ខ-ផ្នែកស្តង់ដារសារធាតុនិងផលិតផលគីមីចំនួន២ស្តង់ដាររួមមាន៖១-ការ៉ុងប៉ូលីប្រូពីឡែនសម្រាប់វេចខ្ចប់ម្ហូបអាហារ ២-ស្តង់ដារបរិយាកាសសម្រាប់ជាលក្ខខណ្ឌនិងការធ្វេីតេស្តផ្លាស្ទិក។
គ-ផ្នែកស្តង់ដារប្រព័ន្ធគ្រប់គ្រង ចំនួន២ស្តង់ដារ ១-កម្មវីធីត្រៀមទុកជាមុនស្តីពីសុវត្ថិភាពម្ហូបអាហារទាក់ទងនឹងការដឹកជញ្ជូននិងស្តុក២-កម្មវីធីត្រៀមទុកជាមុនស្តីពីសុវត្ថិភាពម្ហូបអាហារទាក់ទងនឹងផលិតកម្មចំណីសត្វ និងអាហារសត្វ ,ផលិតកម្មចំណីសត្វ និងអាហារសត្វចិញ្ចឹម,និងផលិតកម្មចំណីសត្វ ។
ឃ-ផ្នែកស្តង់ដារផលិតផលអគ្គិសនីនិងអេឡិចត្រូនិក ចំនួន៤ស្តង់ដារ១-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា ដែលអាចធ្វេីឲ្យប៉ះពាល់ស្បែកដោយសារសាយភាយកាំរស្មីវិទ្យុសកម្ម ២-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា សម្រាប់សុវត្ថិភាពឆ្នាំងអគ្គិសនីក្នុងវិស័យពាណិជ្ជកម្ម៣-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា សម្រាប់សុវត្ថិភាពបរិក្ខាអគ្គិសនីអាំងសាច់ និងនំបុ័ងក្នុងវិស័យពាណិជ្ជកម្ម៤-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា ពាក់ព័ន្ធសុវត្ថិភាព បរិក្ខាអគ្គិសនីកំដៅម្ហូបអាហារនិងឧបករណ៍ដាក់ម្ហូបអាហារក្នុងវិស័យពាណិជ្ជកម្ម។
ង- ផ្នែកផលិតផលស្តង់ដារកៅស៊ូចំនួន៣ស្តង់ដារ សម្រាប់យានយន្តផ្លូវគោក១-សំដៅទៅលេីគម្របកៅស៊ូសម្រាប់សុីឡាំង(កំប៉ែន)ហ្រ្វាំងអុីត្រូលិកប្រភេទតំបួរប្រេីប្រាស់ប្រេងហ្វ្រាំងសំយោគ២-សំដៅទៅលេីពែងនិងរ៉ងកៅស៊ូសម្រាប់សុីឡាំង(កំប៉ែន)នៃប្រព័ន្ធហ្រ្វាំងអុីត្រូលិកប្រេីប្រាស់ប្រេងហ្វ្រាំងសំយោគ ៣-ទាក់ទងនឹងរ៉ងកៅស៊ូសម្រាប់សុីឡាំងនៃហ្វ្រាំងអុីត្រូលិកប្រភេទឌីសប្រេីប្រាស់ប្រេងហ្វ្រាំងសំយោគ ។
ច-ផ្នែកស្តង់ដារយានយន្តចំនួន២ស្តង់ដារ ១-បទប្បញ្ញត្តិរួមពាក់ព័ន្ធនឹងការផ្តល់អនុលោមភាពយានយន្តដែលទាក់ទងនឹងតម្រូវការជាក់លាក់សម្រាប់ឧបករណ៍អូសទាញដោយប្រេីថាមពលអគ្គិសនី ២-បទប្បញ្ញត្តិរួមពាក់ព័ន្ធនឹងការផ្តល់អនុលោមភាពយានយន្តនៃប្រភេទ Lទាក់ទងនឹងឧបករណ៍អូសទាញដោយប្រេីថាមពលអគ្គិសនី ។
ឆ-ផ្នែកផលិតផលគ្រឿងសម្អាងចំនួន២ស្តង់ដារ ១-ការកំណត់រកអតិសុខុមប្រាណក្នុងគ្រឿងសម្អាង២-ការវាយតម្លៃអំពីការការពារប្រឆាំងនឹងអតិសុខុមប្រាណនៃផលិតផលគ្រឿងសម្អាង ។
ជ-ផ្នែកស្តង់ដារឌីជីថលចំនួន២ស្តង់ដារ ១-បច្ចេកទេសសន្តិសុខផ្នែកបន្ថែមISO/IEC27001 និងISO/IEC27002 សម្រាប់ការគ្រប់គ្រងឯកជនភាព តម្រូវការ និងគោលការណ៍ណែនាំ២-បច្ចេកវិទ្យាព័ត៌មាន ,សន្តិសុខសាយប័រ(Cyber),ទិដ្ឋភាពទូទៅ និងទស្សនទាន ។
មានប្រសាសន៍បិទអង្គប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងការកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានខិតខំស្រាវជ្រាវបកប្រែស្តង់ដារអន្តរជាតិយកមកធ្វេីជាស្តង់ដាជាតិបានជាច្រេីន ជាពិសេសទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ ដែលរហូតមកដល់ពេលនេះយេីងសរុបបានស្តង់ដារជាតិបានចំនួន៩៨៨ហេីយ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់ថា៖ការសម្រេចយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិនេះ មិនមែនយេីងចេះតែអនុម័តហេីយទុកចោលទេ តែគឺជាតម្រូវការពិតប្រាកដ ក្នុងការអនុវត្តដេីម្បីផលប្រយោជន៍សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម កិច្ចការពារសុវត្ថិភាព និងការទាក់ទាញការវិនិយោគដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ននិងអនាគត ។
ជាក់ស្តែងដូចជាស្តង់ដារយានយន្តប្រេីថាមពលអគ្គិសនី និងស្តង់ដារឌីជីថល ជាដេីម គឺជាតម្រូវការចាំបាច់ចាប់ពីពេលនេះ រហូតទៅអនាគត ។ និងសូមស្វែងយល់ថា ទោះបីយេីងមានច្រកទីផ្សារនាំចេញក្នុងគោលដៅច្រេីនប្រទេសយ៉ាងណាក៏ដោយ តែបេីផលិតផលរបស់យេីងគ្មានស្តង់ដារទេ ទំនិញរបស់យេីងក៏មិនអាចលក់ដូរឬធ្វេីការនាំចេញ ក្នុងឧត្តមភាពប្រកួតប្រជែងខ្ពស់បានដែរ ។
ដូច្នេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី បានស្នេីឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ខិតខំច្បិចយកស្តង់ដារអន្តរជាតិសំខាន់ៗ និងចាំបាច់ចំពោះមុខ និងអនាគតមកធ្វេីជាស្តង់ដារជាតិឲ្យបានច្រើនថែមទៀត ដេីម្បីជាមូលដ្ឋានបម្រេីឲ្យផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល ៕