ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា 698,000 ដុល្លារ ជាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសង់ផ្ទះចំនួន៦២៨ខ្នង នៅភ្នំក្រវាញ

82

 

ភ្នំពេញ, កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា 698,000 ដុល្លារ ជាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
កម្មវិធីផ្ដល់ប្រាក់នេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោម វត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ។
លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា៖
ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលប្តេជ្ញាចិត្តជួយសម្រាលការលំបាកដល់គ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រនោះ ។ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស បានផ្តល់ថវិកាចំនួន 698,000 ដុល្លារ (ប្រាំមួយសែនប្រាំបួនម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) ជាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ជាជំហានទី១ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ និងចំនួន ១លានដុល្លារ ជាជំហានទី២ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ហើយកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន ៥០ខ្នង ជាជំហានទី១ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ និងប្រគល់ផ្ទះចំនួន ២៥០ខ្នង ជាជំហានទី២ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១កន្លងទៅរួចមកហើយ។ បងប្អូនអតីតយុទ្ធជនដែលបានចូលមករស់នៅបណ្តើរៗ ក៏បានចាប់ផ្តេីមកសាងជីវិតថ្មី នៅលេីទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម និងមានសុភមង្គល ជាមួយនឹងការដាំដុះភោគផលបន្លែបង្ការជាច្រើនមុខ ការចិញ្ចឹមសត្វ និងការលក់ដូរជាដើម។ កូនៗរបស់ពួកគាត់ដែលជាអ្នកនៅខេត្តផ្សេងៗបានមកលេងដល់ទីនេះ ក៏មានក្តីរំភើប សប្បាយរីករាយ ដោយមិននឹកស្មានថាឪពុកម្តាយរបស់គាត់ទទួលបានផ្ទះស្អាត មានដីល្អ និងទីតាំងគួរឱ្យចង់រស់នៅបែបនេះនោះទេ។
យោងតាមវឌ្ឍនភាព នៃដំណើការសាងសង់ និងការរៀបចំហេដ្ឋារចនា សម្ព័ន្ធ កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន ៣២៨ខ្នង ជាវគ្គបញ្ចប់ នៅដេីមអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
សូមជម្រាបជូនថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣.៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែក មានតម្លៃ ២៧០ ដុល្លារអាមេរិក៕ សំរិត

អត្ថបទដែលជាប់ទាក់ទង