រូបថតចំនួនប្រមាណ ៦២ម៉ឺនសន្លឹកត្រូវបាន ទាញយកពីគណនី iCloud ដើម្បីស្វែងរករូបភាពអាសអាភាស
ភ្នំពេញ៖ បុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud ជាច្រើនរបស់នារីៗដែលមានវ័យក្មេង ដើម្បីស្វែងរករូបភាព និងវីដេអូអាសអាភាសរបស់ពួកគេ។
បើតាមការសារភាពរបស់បុរសរូបនេះបានបង្ហាញថា គាត់បានប្រើវិធីសាស្រ្ត បន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន Apple ហើយបានលួងលោមជនរងគ្រោះ (social engineering) ឱ្យផ្ដល់លេខសម្ងាត់ តាមរយៈអុីមែល “applebackupicloud” និង “backupagenticloud.”។ អាជ្ញាធរបានរកឃើញអុីមែលចំនួនប្រមាណ ៥០ម៉ឺន ដែលក្នុងនោះអុីមែលចំនួន ៤៧០០ មានផ្ទុកលេខសម្ងាត់សម្រាប់គណនី iCloud។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែធ្វើការក្រើនរំឮកដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលណាមួយដែលទាមទារឱ្យផ្ដល់លេខសម្ងាត់។ ជាទូទៅលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែបើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម៕