រថយន្តក្រឡុកសុីម៉ងត៍ កិនបុរសម្នាក់ស្លាប់ ពេលជិះម៉ូតូលឿនដួលចូលក្រោម កង់រថយន្ត
ភ្នំពេញ ÷ យុវជនម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង ចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យចូលក្រោមកង់កិនស្លាប់ភ្លាមៗ ចំណែកឯតៃកុងរថយន្តបង្កចុះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចទល់មុខនិងសាលាខណ្ឌទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ រីក សុខខេង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើការនៅឃ្លាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុុកកំណើត នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប្រភេពព័ត៌មានពីពលរដ្ឋលក់ដូរ នៅមុខកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញ រថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ5A 0726 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងមកត្បូង រួចបានបត់ឆ្វេងចូលផ្លូវ៣២៧ ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់ សេ១២៥មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CM-2121 ជិះក្នុងទិសដៅបញ្រ្ចាសទិសពីត្បូងមកជើង ក្នុងល្បឿនលឿនបានជ្រុលទៅបុកចំពាក់កណ្តាល រថយន្តក្រឡុកសុីម៉ងត៍ ខ្ទាតចូលក្រោមកង់កិនបែកខួរស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់មកពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ខណ្ឌទួលគោក និងខាងជំនាញចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕