ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាតំបន់ប្រឈមលើការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូច ដែលទាមទារ ឱ្យមន្ត្រីឧទ្យានុរក្សយកចិត្តទុកដាក់ ចុះអន្តរាគមន៍ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា

107

 

ភ្នំពេញ ៖ ដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សត្រូវបន្តហ្វឹកហាត់ បង្កើនសមត្ថភាពខ្លួនជាប្រចាំទាំងផ្នែកក្របខណ្ឌច្បាប់ និងបច្ចេកទេស ត្រូវធ្វើបច្ចុប្បន្នភាពខ្លួនឯងលើការប្រើ ប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបន្តប្រតិបត្តិក្រមសីលធម៌
វិជ្ជាជីវៈខ្ពស់ក្នុងនាមជាឆ្មាំព្រៃ។ នេះគឺជាការថ្លែងរបស់
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះសំណាលនិងប្រគល់បណ្ណសរសើរ និងឧបករណ៍ដ្រូន អាយកូន សម្ភារផ្សេងទៀតជាជំនួយល្បាតដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពតកាលពីថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជាតំបន់ប្រឈមលើការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូចដែលទាមទារ ឱ្យមន្ត្រីឧទ្យានុរក្សទាំងអស់យកចិត្តទុកដាក់ និងមានឧបករណ៍សម្ភារទំនើប ដើម្បីជាជំនួយក្នុងការងារល្បាតរបស់ខ្លួន ចុះអន្តរាគមន៍ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្តែងនូវការកោតសរសើរពីការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។ ឯកឧត្តម នេត្រ ភក្ត្រា បានមាន ប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួន ជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុ ការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តច្បាប់។ ក្រៅពីនេះពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើន ក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។ ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាក៏បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ ដើម្បីការពារតំបន់ការពារធម្មជាតិឱ្យបានគង់វង្សយូរអង្វែង ដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់កំពុងឈរជើងការពារនិងអភិរក្សធនធានធម្មជាតិ លើតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេស។ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដោយចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ តំបន់រ៉ាមសានិង របៀងអភិរក្សជីវៈចម្រុះ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការបន្តហ្វឹកហាត់ពង្រឹងសមត្ថភាពគឺជាការចាំបាច់បំផុត ព្រោះការងារជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្សគឺប្រឈមមុខច្រើន ក្នុងនោះក្រុមជនល្មើសធនធានធម្មជាតិខ្លះ មានប្រើប្រាស់អាវុធទាំងអាវុធពិតនិងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយអន្ទាក់គ្រប់ប្រភេទដែលត្រូវជនខិលខូច ដាក់នៅក្នុងព្រៃដើម្បីចាប់សត្វព្រៃដោយខុសច្បាប់។

ក្នុងឱកាសនោះ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ៥ រូបក្នុង ចំណោមមន្ត្រីឧទ្យានុរក្ស ៤១ រូបដែលកំពុងការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពត បានទទួលប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន។ ការផ្តល់បណ្ណសរសើរស្ថិតក្នុងក្របខ័ណ្ឌ នៃការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ប័ណ្ណសរសើរ មេត្រីភាពបរិស្ថាននេះ គឺជាសក្ខីភាពបញ្ជាក់ពីទទួលស្គាល់ ពីការលះបង់កម្លាំងកាយ កម្លាំងចិត្ត ដ៏មោះមុត ក្នុងការ បំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា។ ជាមួយ គ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្ត ដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។
ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្ស ជាពិសេសឪពុកម្តាយ ភរិយាស្វាមី កូនៗ របស់មន្ត្រីឧទ្យានុរក្ស ដែលបានអនុញ្ញាតឱ្យកូន ស្វាមី ឬភរិយារបស់ខ្លួន ចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិ ដែលជាការងារប្រឈមខ្លាំង ជាពិសេសជាមួយក្រុមជនល្មើស៕

អត្ថបទដែលជាប់ទាក់ទង