ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រួសារក្រីក្រនៅក្នុងភូមិត្រពាំងថ្ម ដែលបានរងគ្រោះភ្លើងឆេះផ្ទះ ដោយសារកូនខ្លួនឯងដុត ទទួលបានផ្ទះថ្មីមួយខ្នងវិញហើយ

45

 

សៀមរាប ៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ឱ្យដឹងថា ផ្ទះថ្មីធំជាងមុន ស្អាតជាងមុន ហើយរឹងមាំជាងមុនទៀតផង។

តាមសារដែលបង្ហោះលើផេកហ្វេសប៊ុកផ្លូវការនាថ្ងៃសៅរ៍នេះ លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា តាមពិតទៅ ផ្ទះនេះត្រូវបានសាងសង់ទាំងស្រុងឡើងវិញភ្លាមៗដោយ «អង្គការលំនៅឋានកម្ពុជា» (Habitat Cambodia) បានមួយរយៈកាលរួចមកហើយ តែដោយសារមមាញឹកពេក បានទើបតែលើកយកមកថ្លែងអំណរគុណនាពេលនេះ។

អង្គការលំនៅឋានកម្ពុជា គឺជាដៃគូដ៏សំខាន់របស់ស្រុកបន្ទាយស្រី ក្នុងផ្តល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រខ្លាំង និងងាយរងគ្រោះឱ្យមានទីជម្រក រស់នៅសមរម្យក្នុងពេលកន្លងមកនេះ។ បន្ថែមពីនេះ អង្គការក៏បានសហការជាមួយរដ្ឋបាលស្រុក អនុវត្តគម្រោង ”លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ” ដែលគ្រោងនឹងជួសជុល កែលម្អ ឬសាងសង់ទាំងស្រុងឡើងវិញ នូវផ្ទះចំនួន ១៣៩ខ្នង នៅក្នុងភូមិពើងឆ័ត្រ នារយៈពេល៣ឆ្នាំខាងមុខ។

លោកបានលើកឡើងថា ដើម្បីបានជាទុនក្នុងការចាប់ផ្តើមជីវិតសារជាថ្មីរបស់ក្រុមគ្រួសារដ៏កម្សត់មួយនេះ ខ្ញុំនិងមិត្តភក្តិមួយចំនួនទៀតក៏បានរៃអង្គាសថវិកាគ្នាបានចំនួន ១០០០ដុល្លារបន្ថែមទៀត ជូនដល់ពួកគាត់ក្នុងឱកាសទទួលយកផ្ទះថ្មីរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា កូនក្មេងអាយុ៣ឆ្នាំដុតផ្ទះខ្លួនឯងឆេះអស់ទៀតហើយ! ខ្ញុំនៅតែមិនអស់ចិត្ត ថាហេតុអ្វីបានជារឿងបែបនេះនៅតែអាចកើតឡើងម្តងហើយម្តងទៀតបានដោយរបៀបណា?

រឿងដ៏គួរឱ្យអកុសលបែបនេះធ្លាប់កើតមានឡើងម្តងរួចមកហើយ នៅក្នុងភូមិត្រពាំងថ្មដដែលនេះ កាលពីពេលមិនដល់មួយឆ្នាំផង ហើយសាច់រឿងក៏ស្រដៀងគ្នានឹងករណីមុនដែរ គឺទុកក្មេងតូចៗចោលនៅផ្ទះមិនមានមនុស្សចាស់មើល បណ្តោយឱ្យលេងភ្លើងរហូតដល់ធ្វើឱ្យឆេះផ្ទះរបស់ខ្លួន ដោយមិនអាចមានអ្នកណាមកជួយពន្លត់ទាន់។ សំណាងហើយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកូនតូចទាំង២នាក់ ឳពុកម្តាយបានត្រឹមតែរត់មកដល់ផ្ទះវិញទាំងត្រហេបត្រហប ឈរអោបគ្នាយំមើលទ្រព្យសម្បត្តិដែលខ្លួនខិតខំសន្សំរក មកបានទាំងអម្បាលម៉ានឆេះត្របាក់លេប ដោយអគ្គីភ័យអស់រលីងត្រឹមតែក្នុងមួយប៉ប្រិចភ្នែក។ នាំគ្នាខឹងកូន វ៉ៃកូន តែវ៉ៃទៅបានអ្វីមកវិញ? ហើយតើវាពិតជាកំហុសរបស់ក្មេងឬយ៉ាងណា?

ទំនួលខុសត្រូវជាឳពុកម្តាយមានទំហំធំធេងណាស់ បង្កើតជីវិតមកហើយចាំបាច់ត្រូវតែ ទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ ពាក្យថា”ដឹងក្តី“ទាមទារវ័យ និងអាយុសមស្របណាមួយទើបអាចដឹងសេចក្តី និងដឹងការណ៍ខុសត្រូវបាន ប៉ុន្តែវាប្រហែលជាអ្វីដែលប្តីប្រពន្ធ វ័យទើបតែជាង២០ឆ្នាំទាំង២នាក់នេះ មិនទាន់អាចស្វែងយល់បានដោយខ្លួនឯងនៅឡើយទេ។ ម្នាក់រៀនបានត្រឹមថ្នាក់ទី៥ ហើយម្នាក់ទៀតបានត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ ដោយសារតែជីវភាពខ្វះខាត ទាំងពីរនាក់ប្តីប្រពន្ធត្រូវចេញទៅធ្វើការនៅក្រៅផ្ទះ ដោយទុកកូនតូចៗចោលឱ្យនៅលេងនឹងផ្ទះ ចួនកាលក៏ផ្ញើរគេឱ្យជួយមើល ចួនកាលទៀតក៏មិនមានអ្នកមើលឱ្យ។ សម្រាប់ខ្ញុំ បើទោះជាមានពាក់ព័ន្ធនឹងភាពក្រីក្រដែរក៏ដោយ ខ្ញុំនៅតែដាក់បន្ទុកខ្លាំងទៅលើការខ្វះខាតចំណេះដឹងច្រើនជាង ហើយក៏ប្រហែលជាការដែលមិនទទួលបានការអប់រំ គ្រប់គ្រាន់នេះហើយដែលធ្វើឱ្យជីវភាពពួកគាត់ នៅតែជួបការលំបាក។

ភាពអវិជ្ជា និងភាពក្មេងវ័យខ្វះបទពិសោធបណ្តាលឱ្យមានភាពធ្វេសប្រហែស មើលមិនឃើញពីសារៈសំខាន់នៃការបំពេញតួនាទីជាឳពុកម្តាយរបស់គេឱ្យបានត្រឹមត្រូវ ហើយគិតថាកត្តាជីវភាពសំខាន់ជាងអ្វីៗទាំងអស់។ ការយល់ឃើញបែបនេះអាចនឹងធ្វើឱ្យកូនៗ របស់ខ្លួនបាត់បង់ឱកាសទទួលបាន នូវការអប់រំដូចជំនាន់របស់ខ្លួនដែរ ដែលអាចនឹងក្លាយទៅជាអន្ទាក់ធ្វើឱ្យពួកគាត់ និងជំនាន់ក្រោយទៀតជាប់ នៅក្នុងភាពក្រីក្រពិបាកនឹងរើខ្លួនចេញរួចបាន។ ខ្ញុំពិតជាសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលជាឳពុកម្តាយ ឬអាណាព្យាបាលបានរៀនសូត្រ ពីបទពិសោធដ៏អាក្រក់មួយនេះ រៀនប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុន ជាពិសេសឱ្យតម្លៃទៅលើការបំពេញកាតព្វកិច្ច នៃការអប់រំបីបាច់ថែរក្សាកូនឱ្យបានល្អប្រសើរជាងមុន។ ពីរនាក់ប្តីប្រពន្ធនេះនៅក្មេងៗនៅឡើយ អាចនៅមានឱកាសច្រើនដើម្បីចាប់ផ្តើមជីវភាពសារជាថ្មី និងកសាងនូវអ្វីដែលខ្លួនបាត់បង់បាន។

ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី ខ្ញុំបានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌មួយចំនួន ទៅជូនដល់លំនៅឋានកើតហេតុភ្លាមៗកាលពីពេលថ្មីៗនេះ ដើម្បីបានជួយសម្រាលទុក្ខលំបាកខ្លះៗ ក្នុងពេលដ៏សំខាន់មួយនេះ យ៉ាងហោចណាស់ក៏មិនចាំបាច់ ឱ្យពួកគាត់គេងហាលភ្លៀងហាលខ្យល់ នៅចំកណ្តាលខែវស្សានេះដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យត្រេកអរបំផុតនោះគឺ «អង្គការលំនៅឋានមនុស្សជាតិកម្ពុជា» បានឆ្លើយតបជាវិជ្ជមានភ្លាមៗទៅនឹងសំណូមពរ ជាពិសេសរបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីសាងសង់ផ្ទះថ្មីឡើងវិញជាបន្ទាន់ ជូនដល់គ្រួសារដ៏ក្រីក្រមួយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង