ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ឆ្លើយ​តប​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Heng​ Ravuth​ ដែល​បាន​ខ​មិន​ថា​ “​ជួយ​មើល​ប៉ូ​លី​ស​គោលដៅ​ មុខ​មន្ទីរពេទ្យ​ឃុំ​ពញាឮ​ផង​ គៀប​យក​លុយ​ឆៅៗ​»

60

 

កណ្តាល ៖ ​ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ សូម​ធ្វើការ​ឆ្លើយ​តប​ជូន​សាធារណជន​ និង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Heng​ Ravuth​ ដែល​បាន​ ខ​មិន​ ក្នុង​ហ្វេ​ស​បុក​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ កាលពី​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២១​ មាន​ខ្លឹមសារ​ថា​៖​ “​ជួយ​មើល​ប៉ូ​លី​ស​គោលដៅ​មុខ​មន្ទីរពេទ្យ​ឃុំ​ពញាឮ​ផង​ គៀប​យក​លុយ​ឆៅៗ​ (​បើកឡាន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ជាប់​ខ្លួន​ហើយ​ ប៉ូ​លី​ស​ចោទ​ថា​មិន​បាន​ពាក់​ ប្រកែក​យកឈ្នះ​អោយ​បង់លុយ​ផាក​ទាល់តែ​បាន​ បង់លុយ​ទាំង​ឈឺចាប់​ផង​”​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុម​ប្រតិកម្ម​រហ័ស​ខេត្ត​ លោក​វរសេនីយ៍ឯក​ ដួង​ តេ​ង​ អធិការ​នគរបាល​ស្រុក​ពញាឮ​ បាន​បញ្ជា​ឱ្យ​កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​សាធារណៈ​ ស្រាវជ្រាវ​បំភ្លឺ​ករណី​ខាងលើ​ ។​

​ជា​លទ្ធផល​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២១​ កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​ និង​ចរាចរណ៍​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ បាន​ឃាត់​រថយន្ត​ម៉ាក​ TOYOTA​ CAMRY​ ពណ៌​ស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2V-0025​ បើកបរ​ដោយ​ឈ្មោះ​ ហេង​ ប៊ុ​ន​ទ្រី​ (​ត្រូវជា​កូន​របស់​ម្ចាស់​គណនី​ Heng​ Ravuth)​ ភេទ​ប្រុស​ ដែល​បើកបរ​រថយន្ត​មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​(​ភ្នំពេញ​-​ឧដុង្គ​)​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ ក៏​ត្រូវ​បាន​កម្លាំង​អង្កេត​មើល​បទល្មើស​ចរាចរណ៍​ ដែល​ឈរជើង​នៅ​គោលដៅ​ដើម​ទី​ (​មុខ​មណ្ឌល​សុខភាព​ឃុំ​ពញាឮ​)​ ប្រទះ​ឃើញ​អ្នកបើកបរ​ខាងលើ​មិន​ពាក់​ខ្សែក្រវាត់​ ក៏​ផ្តល់​ព័ត៌មាន​(​បោះដៃ​)​ តាម​វិទ្យុទាក់ទង​ទៅ​គោលដៅ​ផាកពិន័យ​ដើម្បី​ឃាត់​រថយន្ត​ ។​ ខណៈនោះ​អ្នកបើកបរ​ឃើញ​នគរបាល​ចរាចរណ៍​ ក៏​ស្រ​វ៉ា​ទាញ​ខ្សែក្រវាត់​សុវត្ថិភាព​មក​ពាក់​ ។​

បន្ទាប់​មក​ក៏​ត្រូវ​បាន​កម្លាំង​ចរាចរណ៍​ឈរជើង​នៅ​គោលដៅ​ផាកពិន័យ​ ចំណុច​មុខ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពញាឮ​ ឃាត់​រថយន្ត​បាន​ ហើយ​សមត្ថកិច្ច​បាន​និយាយ​ថា​ ប្អូន​បើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ ចំណែក​អ្នកបើកបរ​រថយន្ត​នោះ​បាន​តប​វិញ​ថា​ខ្ញុំ​ពាក់​ខ្សែក្រវ៉ាត់​មក​តាំងពី​ផ្ទះ​ ។​ សមត្ថកិច្ច​ក៏​បាន​អញ្ជើញ​គាត់​ចុះ​មក​ជួប​អ្នក​ដោះស្រាយ​ ពេល​នោះ​អ្នកបើកបរ​រថយន្ត​មិន​បាន​និយាយ​ជាមួយ​អ្នក​ដោះស្រាយ​ទេ​។​ ប៉ុន្តែ​គាត់​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​កាន់​អាណាព្យាបាល​របស់​គាត់​ (​អាច​ជា​ម្ចាស់​គណនី​ខាងលើ​)​ថា​៖​ “​ប៉ា​ខ្ញុំ​ពាក់​ខ្សែក្រវាត់​តាំងពី​ផ្ទះ​ ហើយ​គាត់​ក៏​បាន​បិទ​ទូរស័ព្ទ​”​ និង​បន្ត​ទំនាក់​ទំនងជា​លើក​ទី​២​ នៅ​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ចប់​ សា​ម៉ី​ខ្លួន​បាន​និយាយ​មក​កាន់​សមត្ថកិច្ច​ថា​សរសេរ​ប័ណ្ណ​ឱ្យ​ខ្ញុំ​មក​ ចាំ​យក​ទៅ​បង់​នៅ​ស្នងការ​ (​ដោយ​ស្ម័គ្រចិត្ត​ គ្មាន​ការ​គាបសង្កត់​ ឬ​បង្ខិតបង្ខំ​យក​ប្រាក់​ពី​កម្លាំង​សមត្ថកិច្ច​ឡើយ​)​។​

នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២១​ អនុវត្ត​តាម​ចំណារ​របស់​លោក​ឧត្តមសេនីយ៍ទោ​ ឈាង​ ភា​រិ​ទ្ធ​ ប្រធាន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ចំណារ​ឯកភាព​របស់​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចាត់​ឲ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ កោះហៅ​ម្ចាស់​គណនី​ឈ្មោះ​ Heng​ Ravuth​ និង​អ្នកបើកបរ​ជា​កូន​ឈ្មោះ​ ហេង​ ប៊ុ​ន​ទ្រី​ មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដើម្បី​សួរនាំ​ ពន្យល់​ណែនាំ​ ពី​ជំនាញ​ វិធានការ​ជំនាញ​ និង​ទិដ្ឋភាព​ច្បាប់​ ឲ្យ​ពួក​គាត់​បាន​យល់​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពន្យល់​ណែនាំ​រួច​ ម្ចាស់​គណនី​ខាងលើ​ បាន​និយាយ​ថា​ នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​កូន​គាត់​នោះ​ គឺ​គាត់​ឈឺ​មាន​អារម្មណ៍មិនល្អ​ និង​មិន​បាន​ពិចារណា​ ក៏​ធ្វើការ​សរសេរ​បង្ហោះ​ (​ខ​មិន​)​ ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ និង​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ ដែល​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ត្រឹមត្រូវ​តាម​ជំនាញ​ និង​ច្បាប់​ ។​ បន្ទាប់​មក​ម្ចាស់​គណនី​ និង​អ្នកបើកបរ​ ក៏​បាន​សុំ​ទោស​ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​កំហុស​ខុសឆ្គង​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​។​

​ជា​ចុង​ក្រោយ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ខាងលើ​ បាន​ខ​មិន​ ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ វិញ​ដែល​មាន​ពាក្យពេចន៍​ខ្លឹមសារ​ថា​ (​ខ្ញុំ​សុំ​ទោស​លោកនាយ​ដោយ​មានការ​យល់​ច្រឡំ​ និង​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ ពេល​នេះ​ខ្ញុំ​បាន​សុំ​ទោស​ និង​សុំ​ការ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ប៉ូ​លី​ស​ស្រុក​ពញាឮ​ និង​ស្នងការ​ខេត្តកណ្តាល​រួច​ហើយ​)​ ៕

អត្ថបទដែលជាប់ទាក់ទង