ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហាន៣០នាក់ស្លាប់ និង៦០នាក់របួស ក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែន

80

សាណា៖ អ្នកនាំពាក្យក្រុមយោធាចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ទាហានយ៉ាងតិច៣០នាក់ បានស្លាប់ និង៦០នាក់ទៀតបានរងរបួស ក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី (Houthi) ទៅលើមូលដ្ឋានយោធាធំមួយ ស្ថិតនៅភាគនិរតីប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

លោក ម៉ូហាម៉េដ អាល់ណាគីប (Mohamed al-Naqeeb) ដែលជាអ្នកនាំពាក្យខាងលើ បាននិយាយថា ក្រុម Houthi បានបើកការវាយប្រហារយ៉ាងចាស់ដៃ ដោយប្រើយន្តហោះដ្រូន និងគ្រាប់មីស៉ីល ទៅលើមូលដ្ឋានទ័ព អាល់អាណាដ (al-Anad) ដែលជាបន្ទាយយោធាធំបំផុតរបស់ក្រុមចម្រុះអារ៉ាប់ នៅក្នុងប្រទេសយេម៉ែន។ បើតាមលោក Naqeeb កងទ័ពចន្លោះ៣០-៤០នាក់ បានបាត់បង់ជីវិត ក្នុងការវាយប្រហារ ហើយយ៉ាងហោច៦០នាក់ បានទទួលរងរបួស។

គួរបញ្ជាក់ថា សង្រ្គាមនៅប្រទេសយេម៉ែន បានផ្ទុះឡើងកាលពីឆ្នាំ២០១៤ នៅពេលក្រុម Houthi បានវាយលុករដ្ឋធានីសាណា (Sanaa) ហើយទម្លាក់រដ្ឋាភិបាលលោក អាប់រ៉ាប់ប៊ូ ម៉ាន់សួរ ហាឌី (Abd-Rabbu Mansour Hadi)។ ក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក៏បានចូលធ្វើអន្តរាគមន៍នៅយេម៉ែន កាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីស្តារអំណាចលោក Hadi ឡើងវិញ ប៉ុន្តែជម្លោះជាមួយក្រុម Houthi បានបន្តរហូតមកទល់បច្ចុប្បន្ន ព្រមទាំងបានផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់ និងបង្កជាវិបត្តិមនុស្សធម៌អាក្រក់ដ៏បំផុតមួយ។

ការវាយប្រហារនាថ្ងៃអាទិត្យនេះបានកើតឡើង ចំពេលដែលកិច្ចចរចាសន្តិភាពរវាងក្រុមចម្រុះអារ៉ាប់ និងក្រុម Houthi ដែលមានការគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បានជួបស្ថានភាពជាប់គាំង ក្រោយភាគីទាំងពីរនៅតែជជែកមិនត្រូវគ្នា៕

អត្ថបទដែលជាប់ទាក់ទង