ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពួកប្រឆាំងខិលខូចមួយចំនួនតូច តែងរិះរកគ្រប់មធ្យោបាយ បង្កើតព័ត៌មានក្លែងក្លាយ បំពុលបំផ្លាញសង្គមជាតិ

40

 

ភ្នំពេញ ៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសេរសារលើផេកហ្វេសប៊ុក នៅយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០២១នេះថា ចូលគេងយកកម្លាំង កុំជឿពួកអត់ប្រយោជន៍បំពុលសង្គម!។

ឯកឧត្តម ដួង តារា បានថ្លែងបន្តថា មុននេះខ្ញុំរៀបចូលគេងទៅហើយ ប៉ុន្តែមិនចង់ឃើញការបន្តបំពុលសង្គម ដោយព័ត៌មានមិនពិត ទើបខ្ញុំសរសេរបញ្ជាក់បន្តិច ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូននៅតាមបណ្តាខេត្ត និងតាមជនបទស្រុកស្រែចំការ ឲ្យបានដឹងពីល្បិចកលជនខិលខូច។

ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ នៅក្នុងគណបក្សប្រជាជនកម្ពុជា ពួកប្រឆាំងខិលខូចមួយចំនួនតូច តែងរិះរកគ្រប់មធ្យោបាយ ដើម្បីបំពុលសង្គមតាមរូបភាព ដែលពួកគេកំពុងចែកចាយក្នុង facebook គឺមិនពិតទេ។

សម្តេចក្រឡាហោម ស ខេង លោកអញ្ជើញទៅប្រទេសបារាំង ដោយមានធុរៈផ្ទាល់ខ្លួនទេ ប៉ុន្តែពួកជនខិលខូច គេបែរជាឆ្លៀតឆក់ឱកាសបញ្ចេញស្នៀត បោកពលរដ្ឋឲ្យលង់ជឿថា នឹងមានការរៀបចំប្រជុំធ្វើនេះធ្វើនោះ។ នេះជាព័ត៌មានបោក ឬមួយទៀតគេហៅថា “ព័ត៌មានក្លែងក្លាយ (fake news) “ ។ បើពួកគេអាណិតស្រឡាញ់ពលរដ្ឋពិត គួរណាស់យកឱកាសនេះ ចូលរួមផ្សព្វផ្សាយអំពីការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែបែរជាទៅបង្កើតព័ត៌មានក្លែងក្លាយ បំពុលបំផ្លាញសង្គមជាតិទៅវិញ។

ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងប្តេជ្ញាការពារសន្តិភាព និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា។ សូមកុំ Share ព័ត៌មានក្លែងក្លាយ ប៉ុន្តែត្រូវ Report ទៅ facebook ឲ្យគេ block/ban accounts/profile ទាំងនោះ។

ចំណែកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានមានប្រសាស៍ថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃព័ត៌មានថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបជាមួយ លោក សម រង្ស៉ី ហើយព្រមព្រៀង បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។

ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីគណនីហ្វេសបុកមួយឈ្មោះ Tharith Bun បានបង្ហោះរូបភាពជំនួបអតីតកាល រវាងសម្តេច ស ខេង និង លោក សម រង្ស៉ី នៅក្នុងរដ្ឋសភា កាលពីខែកញ្ញា ឆ្នាំ២០១៥ មកផ្សព្វផ្សាយជាថ្មីជាមួយខ្លឹមសារបំភ្លៃការពិតថា «សម្តេចមានជំនួបជាថ្មីជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា បង្ហោះបែបនោះ ជាការញុះញង់បង្កចលាចល ហើយពេលនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកបំភ្លៃ និងអ្នកដែលចែកចាយព័ត៌មានបំភ្លៃ ដើម្បីបង្កចលាចលនេះ ដើម្បីចាត់វិធានការតាមច្បាប់។ លោកស្នើឱ្យសាធារណជន កុំចាប់អារម្មណ៍ និងកុំចែកចាយព័ត៌មានញុះញង់នេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរផ្ទាល់ខ្លួន។ បន្ទាប់ពីទទួលបានដំណឹង អំពីដំណើរឯកជន របស់សម្តេចក្រឡាហោម ស ខេង, ក្រុមប្រឆាំងក្រៅច្បាប់ តាមរយៈសារព័ត៌មាន ដែលស្និទ្ធនឹងពួកគេ បានប្រកាសស្វាគមន៍ភ្លាមៗ បើសិនជាសម្តេចក្រឡាហោម បើកភ្លើងខៀវ ឱ្យមានជំនួបក្រៅផ្លូវការណាមួយ ដើម្បីរកដំណោះស្រាយ នយោបាយសម្រាប់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង