ជាប់គុកហើយ ត្រូវតុលាការបង្គាប់ឲ្យ អតីតមន្ត្រីយោធាម្នាក់ និងបក្ខពួក លក់ដីខ្យល់នៅកំពត សងប្រាក់៧៥ម៉ឺនដុល្លារ និងសងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ទៅដើមបណ្តឹង
ភ្នំពេញ៖ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក នួន រតនា និងលោកស្រី គឹម ដានី ជាចៅក្រមប្រឹក្សា និងមានលោកស្រី យិន សុគន្ធារី ជាតំណាងមហាអយ្យការ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានបើកសវនាការប្រកាសសាលដីកាចំនួន២សំណុំរឿង ដែលមានជនជាប់ចោទជាមន្ត្រីអតីតយោធាម្នាក់ និងជាអតីតមន្ត្រីក្រុមប្រឹក្សាឃុំ នៅខេត្តកំពតម្នាក់។
សាលដីកាដែលប្រកាសនៅព្រឹកនេះ បានសម្រេចផ្តន្ទាទោសជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដូចខាងក្រោម៖ សំណុំរឿងទី១៖ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល៦ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារទាំងអស់ ពីបទ ឆបោក និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសងសំណងទៅដើមបណ្តឹងចំនួន ៥ម៉ឺនដុល្លារ និងសងជំងឺចិត្តចំនួន៥០០០ដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងទី២៖ មានចំនួន៣បទចោទប្រកាន់ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល៣ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារ ត្រឹម១ឆ្នាំ៦ខែ ក្នុងពន្ធនាគារទោសនៅសល់ពីនោះ ព្យួរទោសធម្មតា និងតម្រូវឲ្យសងប្រាក់៧៥ម៉ឺនដុល្លារ និងសងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ទៅដើមបណ្តឹងពីបទ ក្លែងបន្លំ ស្នាមមេដៃពលរដ្ឋហត្ថលេខា និងត្រាអាជ្ញាធរ នៅខេត្តកំពត, ពីបទ ប្រើប្រាស់លិខិតក្លែង និងពីបទ ឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រាមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ៕