វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ
ភ្នំពេញ ៖ នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា កូនប្រុសសម្តេចក្រឡាហោម ស ខេង បានចេញសារលើបណ្តាញសង្គមហ្វេសប៊ុកថា សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ វត្តមានសម្តេចក្រឡាហោម ស ខេងទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ ។
ឯកឧត្តម ស សុខា បានបញ្ចេញសារឆ្លើយតបបែបនេះ បន្ទាប់ពីមានក្រុមជនដែលបំភ្លៃព័ត៌មានថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបជាមួយ លោក សម រង្ស៉ី ហើយព្រមព្រៀង បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។ គណនីហ្វេសបុកមួយឈ្មោះ Tharith Bun បានបង្ហោះរូបភាពជំនួបអតីតកាល រវាងសម្តេច ស ខេង និង លោក សម រង្ស៉ី នៅក្នុងរដ្ឋសភា កាលពីខែកញ្ញា ឆ្នាំ២០១៥ មកផ្សព្វផ្សាយជាថ្មីជាមួយខ្លឹមសារបំភ្លៃការពិតថា «សម្តេចមានជំនួបជាថ្មីជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ»។
កូនប្រុសសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចំពោះការលើកឡើងទាំងមិនពិត របស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើង ដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវ ចរចានយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង។
ក្រៅពីនេះការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បាន និងកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ ។
បើតាមឯកឧត្តម ស សុខា ៖ ទង្វើរបស់អ្នកនយោបាយ ដែលធ្វើគ្រាន់តែដេីម្បីមហិច្ឆតាផ្ទាល់ខ្លួនរស់ ទោះអ្នកដទៃស្លាប់ក៏ដោយចុះបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីចរិតអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេសបាននិងកំពុង តែមួលបង្កាច់ទម្លាក់កំហុស យ៉ាងពិសពុលលើសម្តេចក្រឡាហោម ស ខេង ផងដែរ។
ដូច្នេះសូមសាធារណជនទាំងអស់ កុំជឿលើការលើកឡើង នៃក្រុមអ្នកនយោបាយអាត្មានិយម ដែលក្នុងចិត្តគំនិត គិតតែពីចង់បានអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដោយមិនគិតពីផលប្រយោជន៍ជាតិរួម មិនយកការពិតជាមូលដ្ឋាន នោះឲ្យសោះ។
ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វេីជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វេីប្រជាភិថុតិយុវជន ប្រជាជន៕