សាកសពនៅសល់តែគ្រោងឆ្អឹង គឺជាករណីឃាតកម្ម ដែលឃាតករបាញ់ស្លាប់ ប្រមាណ៥ ទៅ៦ខែ កន្លងមក
ភ្នំពេញ ៖ នគរបាលខណ្ឌកំបូល បានឱ្យដឹងថា គ្រោងឆ្អឹងសាកសពបុរសម្នាក់ និងស្ត្រីម្នាក់ ដែលរកឃើញកប់ក្នុងរណ្ដៅ ២ផ្សេងគ្នា ស្ថិតនៅក្នុងដីទួលក្បែរព្រៃឫស្សី ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នពេញ គឺជាករណីឃាតកម្ម ម្នាក់ជាប្រុសត្រូវគ្រាប់កាំភ្លើងចំក្បាល និងម្នាក់ជាស្រី ត្រូវឃាតករវាយបំបែកក្បាល ឲ្យប្រេះលលាដ៏ស្លាប់។
ក្រោយអ្នកភូមិ ដើររកជីកទំពាំងក៏ប្រទះឃើញ លលាដ៏ក្បាល កាលពីល្ងាចថ្ងៃ២៧ ខែសីហា ឆ្នាំ២០២១។
ក្នុងករណីមួយនេះ ត្រូវបានកម្លាំងនគរបាល ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញធ្វើកោសល្យវិច័យ រួចរាល់ហើយ ដោយលទ្ធផលបានរកឃើញថា ជនរងគ្រោះទាំង ២នាក់បានស្លាប់ អស់រយៈពេលប្រមាណ៥ ទៅ៦ខែ កន្លងមកហើយ។
ចំណែកមូលហេតុនៃការស្លាប់ខាងលើ ដោយសារតែអំពើឃាតកម្ម ក្នុងនោះ ជនរងគ្រោះជាបុរស ត្រូវគ្រាប់កាំភ្លើងចំក្បាល និងមានស្នាមវាយបែកប្រេះលលាដ៏ក្បាលផងដែរ ដោយត្រូវ ឃាតកបាញ់ និងវាយសម្លាប់។ រីឯជនរងគ្រោះជាស្ត្រីត្រូវឃាតកវាយក្បាលសម្លាប់ ព្រោះមានស្នាមប្រេះលលាដ៏ក្បាល។ ក្រោយឃាតករសម្លាប់រួច បានយកសពទាំង២ ទៅកាន់ចំណុចខាងលើ រួចជីករណ្ដៅកប់ចម្ងាយប្រមាណ ៨ម៉ែត្រពីគ្នា ហើយរណ្ដៅជីករាក់ៗ ត្រឹមតែកប់សពជិតប៉ុណ្ណោះមិនជ្រៅនោះទេ។ ប៉ុន្តែដោយសារតែពេលកប់រួចថ្មីៗ មិនមានអ្នកឆ្លងកាត់ប្រទះឃើញ ទើបត្រូវបានស្មៅដុះពីលើជិតពីលើរណ្ដៅ។ ប្រសិនបើមិនមានអ្នកប្រទះឃើញលលាដ៏ក្បាលទេ ប្រហែលជាមិនអាចដឹងថា មានសាកសពកប់នៅទីនោះឡើយ។
ម្យ៉ាងទៀត លលាដ៏ក្បាលដែលអ្នកជីកទំពាំងប្រទះឃើញនោះ សង្ស័យឆ្កែកាយពាំចេញពីរណ្ដៅ តាំងពីពេលដែលសពហើមរលួយម្ល៉េះ។ ក្រោយពីគាស់ចេញមក សាកសពមានសភាពរលេះរលួយអស់ហើយ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ និងស្ទើរតែលែងធុំក្លិនស្អុយទៅហើយ។ រហូតមកដល់ពេលនេះ មិនទាន់ស្គាល់អត្តសញ្ញាណ និងទីលំនៅសាកសព របស់ជនរងគ្រោះទាំង២នៅឡើយទេ ហើយក៏ពុំដឹងថា ជនរងគ្រោះទាំង២នាក់ ជាប្ដីប្រពន្ធនឹងគ្នា ឬក៏ជាមិត្តភក្ដិនឹងគ្នានោះដែរ តែនេះជាអំពើឃាតកម្ម។
ទោះយ៉ាងនេះក៏ដោយ ក្រោយពីការធ្វើកោសល្យវិច័យរួចរាល់ នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញ បាននាំយកគ្រោងឆ្អឹងសពជនរងគ្រោះទាំង២នាក់ រួមទាំងសម្លៀកបំពាក់ ទៅរក្សាទុកធ្វើការតាមជំនាញបន្តទៀត។ ដោយឡែកកម្លាំងនគរបាលខណ្ឌកំបូល ក៏បាននិងកំពុងធ្វើការស្រាវជ្រាវ ជុំវិញករណីនេះបន្ត៕