អភិបាលខណ្ឌទួលគោកថ្មី បង្ហាញមុខ ដល់មន្ត្រីនិងជួបជាមួយ មន្ត្រីសាលខណ្ឌ ជំរុញដឹកនាំការងារបន្ត
ភ្នំពេញ៖នៅសាលាខណ្ឌទួលគោក, កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក និង លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌទួលគោក និងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលាខណ្ឌទួលគោក។
ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀត។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានផ្ដល់ការណែនាំដល់ មន្ត្រីទាំងអស់ អោយយកចិត្តទុកដាក់ បំរើដល់ប្រជាពលរដ្ឋ រួមមាន ៖ ពង្រឹងការអនុវត្តកិច្ចការរដ្ឋបាលប្រកបដោយសាមគ្គីភាព វិន័យ ការទទួលខុសត្រូវ និងប្រសិទ្ធភាព , ពង្រឹងការផ្ដល់សេវាល្អជូនប្រជាពលរដ្ឋ , ពង្រឹងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋាន និងពង្រឹងការឆ្លើយតបនូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់ ដោយស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា គឺ”ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”៕