ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីស្បៀងអាហារពិភពលោក សហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ស្បៀងជូនដល់ប្រជាពលរដ្ឋ ចំនួន ៣០.០០០ គ្រួសារ

56

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន របស់កម្មវិធីស្បៀងអាហារពិភពលោក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា
ពេញមួយសប្តាហ៍នេះកម្មវិធីស្បៀងអាហារពិភពលោកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែកស្បៀងជូនដល់ក្រុម គ្រួសារងាយរងគ្រោះចំនួន ៣០.០០០ គ្រួសារ ដែលក្នុងនោះ មានប្រជាពលរដ្ឋសរុប ដែលទទួលបានជំនួយនេះ ប្រហែល ១៥០.០០០នាក់ នៅ ក្នុងខេត្តចំនួនប្រាំគឺ សៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់។ ការចែកជំនួយនេះប្រព្រឹត្តទៅជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ៣០ ខែសីហាដល់ថ្ងៃទី ៣ ខែកញ្ញា។ ជំនួយនេះ ផ្តល់ជូនដល់ ក្រុមគ្រួសារ ដែល អាជ្ញាធរកំណត់ថា ជាគ្រួសារ ងាយរងគ្រោះ មានអត្តសញ្ញាណប័ណ្ណ គ្រួសារក្រីក្រ (IDPoor) និងមានកូន ចុះឈ្មោះចូលរៀននៅតាមសាលាដែលមានការ គាំទ្រ ពីកម្មវិធី ផ្ដល់ស្បៀង អាហារ តាមសាលារៀន របស់កម្មវិធីស្បៀងអាហារ ពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា។

នេះគឺជាការចែកស្បៀងជុំទី៥ ហើយដែលកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធភាពរដ្ឋអនុវត្តកម្មវិធីស្បៀងអាហារ តាមសាលារៀន ដែលបើកដំណើរការ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារសកលនៅខែកញ្ញាឆ្នាំ ២០២១។ សម្ព័ន្ធនេះមានការចូលរួមពីរដ្ឋាភិបាល អង្គការសហប្រជាជាតិ សង្គមស៊ីវិល គ្រឹះស្ថានអប់រំ អង្គការមនុស្សធម៌ និងវិស័យឯកជនទាំងអស់ដែលទទួលស្គាល់ថា អាហារនៅតាមសាលាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារនិងអាច ជួយឱ្យប្រទេសនិមួយៗអាចងើបពីវិបត្តសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺកូវីដ -១៩ និងសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ ប្រកបដោយ ចីរភាព។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤០ ដំបូងគេបង្អស់ដែលបានចុះឈ្មោះ ចូលរួមក្នុងសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រមួយនេះ ដែលអាចជួយការពារកុមារ ដែលងាយរងគ្រោះបំផុត ពីភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភនានា។

លោកហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា “ អាហារសុខភាពដែលមានជីវជាតិនៅតាមសាលា អាចជួយបង្កើនការផ្តោតអារម្មណ៍របស់សិស្ស និងធ្វើអោយ លទ្ធផលសិក្សារបស់គាត់កាន់តែល្អប្រសើរឡើង” ។

“វាក៏ជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សផងដែរ។ នេះហើយជាមូលហេតុ ដែលយើងចុះឈ្មោះចូលរួមជាមួយសម្ព័ន្ធភាពមួយនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលយើង ក្នុងការធានាឱ្យបានថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ” ។

អស់រយៈពេលម្ភៃឆ្នាំមកហើយ កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់អាហារបំប៉នសំបូរជីវជាតិដល់កុមារ នៅសាលាបឋមសិក្សានៅតំបន់ក្រីក្របំផុតមួយចំនួននៃប្រទេសកម្ពុជា។ មុនពេលមានជំងឺកូវីដ-១៩ កម្មវិធីនេះបានផ្ដល់នូវអាហារសុខភាពនិងមានជីវជាតិដល់កុមារចំនួន ២២៣.០០០ នាក់នៅតាមសាលាគោលដៅចំនួន៩០៨ នៅក្នុងខេត្តចំនួន ៥ ។ ចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀន សិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះឥទ្ធិពលជាពិសេសដល់កុមារមកពីគ្រួសារក្រីក្របំផុតដែលភាគច្រើនរងការលំបាកដោយសារការបាត់បង់ចំណូលនិងការងារ។

លោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “កម្មវិធីស្បៀងអាហារពិភពលោកដឹងច្បាស់ថា អាហារូបត្ថម្ភល្អមានសារៈ សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍរបស់កុមារ

នេះហើយជាមូលហេតុដែលក្រុមការងាររបស់យើងខិតខំប្រឹងប្រែង ដើម្បី ឱ្យប្រាកដថាកញ្ចប់អាហារទាំងនេះ ទៅដល់ដៃក្រុមគ្រួសារងាយរងគ្រោះ ដើម្បីធានាថាកុមារនឹងមានអាហារទទួលទាន ក្នុងអំឡុងពេលវិបត្តិកូវីដមួយនេះ។

“គ្រួសារជាច្រើនបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។ ជំនួយស្បៀងនេះត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកបំពេញបន្ថែម ដល់ជំនួយគាំពារសង្គមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូទាំងអស់ដែលបានផ្ដល់ការគាំទ្រ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិគាំពារសង្គម។”

នេះគឺជាការចែក ស្បៀង ជុំទី៥ ក្នុង គោលបំណង កាត់បន្ថយផលប៉ះពាល់ របស់ ជំងឺ កូវីដ -១៩ ទៅលើ សេដ្ឋកិច្ច គ្រួសារ ងាយរងគ្រោះ។ ការចែកស្បៀង ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសាលារៀន ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និង កីឡា រដ្ឋបាលសាលារៀន អាជ្ញាធរ ភូមិ ឃុំ និង ដៃគូអង្គការមិនមែន រដ្ឋាភិបាល។ របប ស្បៀង មាន អង្ករ២៥គីឡូក្រាម ត្រីខ កំប៉ុង និងប្រេងឆា ។ ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូដទៃទៀត ដើម្បីកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលារៀននិងអគារសិក្សា ដែលជាវិធានការត្រៀមសម្រាប់ ការ ចូលរៀនវិញ ប្រកបដោយសុវត្ថិភាព។

កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា និងជំនួយស្បៀងពិសេសនេះ អាចប្រព្រឹត្តទៅបានដោយមានជំនួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA)៕

អត្ថបទដែលជាប់ទាក់ទង