ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២

67

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ដំណើរការជាផ្លូវការហើយ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២។

ពិធីប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីនេះ ធ្វើឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីក្រសួង-ស្ថាប័ន ចូលរួមក្នុងការងារចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ និងដំណាក់កាលទី២ តំណាងសមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថានទូត និងគ្រឹះស្ថានសិក្សាផងដែរ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួចជាកញ្ចប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

ក្នុងដំណាក់កាលទី១ ប្រព័ន្ធបានគ្របដណ្តប់លើការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួង ពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាស ជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ដោយឡែក, ក្នុងដំណាក់កាលទី២នេះ, ប្រព័ន្ធនឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញ ដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។

ក្នុងនោះ, ក្រសួង-ស្ថាប័នចំនួន៤ បានចូលរួមក្នុងដំណាក់កាលទី២នេះ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

អត្ថបទដែលជាប់ទាក់ទង