គំនិតឡឺកឺ ៖ មេឃ និង ដី
ភ្នំពេញ ៖ បើនិយាយពីមេឃ និង ដីគឺខុសគ្នាឆ្ងាយណាស់ មេឃមិនងាយបន្ទាបខ្លួន មកស្គាល់ដីឡើយ ចំពោះដីក៏មិនអាចស្គាល់មេឃ បានដែរគឺឋានៈខុសគ្នា ។
អញ្ចឹងហើយទើបនៅក្នុសង្គម បើមនុស្សដែលមានឋានៈខ្ពស់ ឬ ជាអ្នកមាន គេតែងតែចំអក ឲ្យអ្នកក្រីក្រថា <ឋានៈពួកឯង និងអញ ខុសគ្នាឆ្ងាយណាស់ គឺដូចមេឃ និង ដី > ។ ពិតជាអញ្ចឹងមែនហើយ សូម្បីតែពពកក៏ទាបជាងមេឃដែរ ។
ពពកទោះបីនៅខ្ពស់មែន តែទាបជាងមេឃ អញ្ចឹងហើយទើបជារឿយៗ ពពកតែងតែអែបអបមេឃ និង ជិះជាន់ដី ហើយប្រសិនបើមេឃជឿ លើសំដីញុះញង់ របស់ពពកទៀតនោះ ដីច្បាស់ជាជួបអាសន្នធំហើយ ។
មនុស្សយើងសព្វថ្ងៃបើកើតជាមេឃ បែរជាមិនស្គាល់ដី ដោយស្ដាប់តែសំដីពពកនោះ ដីពិតជាកំសត់ហើយៗស្រួលមិនស្រួល រវល់តែដើរងើយលើ ឬ ស្ដាប់ពពកជ្រុលពេកនោះ អាចជំពប់ជើងដួល ។
ប្រសិនបើដួលហើយនោះ កុំសង្ឃឹមថាពពក នៅបន្តអែបអបទៀតឲ្យសោះ ច្បាស់ជាពពករត់ទៅជ្រកក្រោមមេឃថ្មី ហើយកុំសង្ឃឹបថា ពពកនៅស្រណោះ អាឡោះអាល័យមេឃចាស់ ដែលដួលទៅហើយនោះឲ្យសោះ ហេស ! ហេ ! ។
ជាមេឃដែលល្អ ត្រូវតែស្ដាប់ពពក ដោយការពិចារណា កុំឲ្យពពកដែលចេះផ្ដល់ផលប្រយោជន៍ ដែលបានមកពីអំពើ ទុច្ចរឹតតាមរយៈការកេងប្រវ័ញ្ចអ្នកក្រោម ក៏ចេះតែលេបនោះ មិនប្រសើរឡើយ ។
ត្រូវចាំថា”ទ្រព្យសម្បត្តិមិនមែនជាមិត្តភ័ក្តិ ជានិច្ចកាលនោះទេ, តែមិត្តភ័ក្តិ ទើបជាទ្រព្យសម្បត្តិជានិច្ចកាល “<Wealth is not a Permanent friends , But friend are Permanent Wealth > ៕