បង្ក្រាបទីតាំងជួញដូរឈើខុសច្បាប់ នៅស្រុកឆែប ខេត្តព្រះវិហារ រឹបអូសឈើប្រមាណ ៣០ម៉ែត្រគូប និងគោយន្ត១គ្រឿង
ព្រះវិហារ៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងអាជីវកម្មជួញដូរឈើខុសច្បាប់ដុះស្លែ១កន្លែង ស្ថិតក្នុងភូមិឆែបពី ឃុំឆែបកើត ស្រុកឆែប ខេត្តព្រះវិហារ ដោយបង្រ្កាប និងរឹបអូសឈើប្រមាណ៣០ម៉ែត្រគូប និងគោយន្ត១គ្រឿង យកមករក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។
លោក វុធ សាវី បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ «ដោយមានការណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ រូបលោកបានដឹកនាំកម្លាំងចម្រុះ ដោយមានការចូលរួមពីអាជ្ញាធរស្រុកឆែប បានចុះបង្ក្រាបទីតាំងអាជីវកម្មឈើ១កន្លែង នៅចំណុចភូមិឆែបពីរ ឃុំឆែបកើត ស្រុកឆែប ជាលទ្ធផលបានធ្វើការរឹបអូសឈើប្រភេទលេខ២ ប្រមាណ៣០ម៉ែត្រគូប និងគោយន្ត១គ្រឿង»។
លោកព្រះរាជាអាជ្ញាររងរូបនេះ បានបន្តថា ទីតាំងអាជីវកម្មឈើខុសច្បាប់ខាងលើនេះ គឺគេប្រើល្បិចខ្ពស់ណាស់យកឈើដែលទើបអាថ្មីៗទៅត្រាំទឹក ហើយយកមកធ្វើជារបងហ៊ុព័ទ្ធដី ដើម្បីអោយឈើប្រែពណ៌ ហើយរុះចេញលក់ទៅឱ្យឈ្មួញថាជាឈើផ្ទះចាស់ ដើម្បីងាយស្រួលដឹកជញ្ជូន ដោយយោងលិខិតរបស់អាជ្ញាធរថាដឹកឈើផ្ទះចាស់ យកទៅធ្វើផ្ទះនៅខេត្តនេះ ឬខេត្តនោះជាដើម។
ទាក់ទងនឹងការចុះបង្ក្រាបទីតាំងអាជីវកម្មជួញដូរឈើដុះស្លែនៅទីតាំងខាងលើនេះ មានការសំណូមពរពីប្រជាពលរដ្ឋថាគួរតែតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កោះហៅមន្ត្រីពាក់ព័ន្ធមកបំភ្លឺ ពិសេសកោះហៅមន្ត្រីរដ្ឋបាលព្រៃផ្នែក និងមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ នៅស្រុកឆែប ព្រោះក្រោមការគ្រប់គ្រងរបស់គាត់។
ប្រជាពលរដ្ឋបានបន្តថា តើមន្ត្រីរដ្ឋបាលព្រៃផ្នែក និងមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ នៅស្រុកឆែប ដែលស្តិតនៅក្រោមការគ្រប់គ្រងរបស់គាត់កន្លងមកពួកគាត់កន្លងម្កមានបានដឹងថាទីតាំងនេះ ប្រកបរបរជួញដូរឈើខុសច្បាប់ដែរ ឬទេ? ប្រជាពលរដ្ឋបន្ថែមទៀតថា ត្រូវស្វែងរកចាប់ខ្លួនម្ចាស់ទីតាំងខាងលើ ដើម្បីមកបំភ្លឺនោះនឹងបានដឹងការពិតជាក់ជាមិនខាន៕