ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៤នាក់ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី៣១ ខែសីហា
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៤នាក់ ជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ករណីទី៤ ដល់ទី៣២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៣៣ ដល់ទី៤៨ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។ ចំពោះ ករណីទី៤៩ ដល់ទី៥៤ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម និងករណីទី៥៥ ដល់ទី៨៤ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
អ្នកជាសះស្បើយទាំង១០១នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ករណីស្លាប់ ៖ នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានចំនួន០២នាក់ ដូចខាងក្រោម៖
១. ឈ្មោះ ក្រូច ក្រៀប ភេទប្រុស អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២. ឈ្មោះ សែត សុឃឿន ភេទប្រុស អាយុ៦២ឆ្នាំ អាសយដ្ឋាននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២៖១២នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៩៧១នាក់ បានព្យាបាលជាសះស្បើយចំនួន៧៤០៩នាក់ ស្លាប់៨៨នាក់ និង៤៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕