ក្រសួងសុខាភិបាល អនុញ្ញាតឱ្យសណ្ឋាគារ មួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួននឹងអនុញ្ញាតដាក់ ឱ្យដំណើរការសាកល្បងទីតាំង សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ធ្វើជាកន្លែងផ្តល់ សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលមិនចង់ព្យាបាលនៅតាមផ្ទះ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ផ្ញើទៅកាន់អភិបាលរាជធានីខេត្តទាំងពីរ។
តាមលិខិតនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាល ខេត្តសៀមរាប៕