ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័លក្រ ចំនួន២៥គ្រួសារ នៅសង្កាត់បឹងកេងកងទី៣ បានទទួលអំណោយ

146

 

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថា ដោយកាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ រស់នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

នាឱកាសអញ្ជើញចូលរួមផ្តល់ អំណោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានថ្លែងនូវក្តីអាណិតអាសូរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ហើយលោកក៏បានថ្លែងកោតសរសើរ ទៅដល់មន្ត្រីមូលដ្ឋាន ពោលគឺមេភូមិ និង ចៅសង្កាត់ ព្រមទាំងអស់លោក ,លោកស្រីជាអភិបាលរងខណ្ឌ ដែលជានិច្ចកាលតែងតែចុះតាមដាន ពិនិត្យមើលពីស្ថានភាពជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋ​ ដែលមានជីវភាពទីទ័លក្រ ដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសម្រាល នូវការលំបាកខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋផងដែរ ពិសេសនាសម័យកូវីដ១៩នេះ។

លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ទៀតថា ជានិច្ចកាលដោយមានការយកចិត្តទុកដាក់ គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែមានការគិតគូរ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រស់នៅគ្រប់ទិសទី ជាពិសេស ប្រជាជនដែលជួបការលំបាក ផ្នែកជីវភាព និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹក ទៅដល់អាជ្ញាធរមូលដ្ឋាន គ្រប់ទីកន្លែងត្រូវចុះតាមដាន មើលពីសុខទុក្ខប្រជាពលរដ្ឋ​ និងគិតគូរដោះស្រាយ ជូនដល់ពួកគាត់ឲ្យទាន់ពេលវេលាផងដែរ។

ជាមួយគ្នានោះលោកអភិបាលខណ្ឌ បឹងកេងកងធឹម សំអាន ក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ បន្តខិតខំរកទទួលទាន ដោយប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យក្រុមគ្រួសារយើង មានជីវភាពកាន់តែល្អប្រសើរផងដែរ។ ហើយក្នុងនាមអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង តែងតែមានការយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខបងប្អូនជានិច្ច ដោយមិនទុកអោយបងប្អូនរស់នៅ ក្នុងភាពឯកោឡើយ តួយ៉ាងដូចជានៅថ្ងៃនេះអ៊ីចឹង ដោយយកអំណោយមកផ្ដល់ជូន ដល់ដៃបងប្អូនដែលមានជីវភាព ខ្វះខាតទុកដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃពិសេសនាសម័យកូវីដ១៩។

អំណោយផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ នាពេលនេះដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១បាវ ស្មើ២៥គីឡូក្រាម មី១០កញ្ចប់ ម៉ាស១០ម៉ាស ទឹកត្រី ,ទឹកសុីអុីវ ជែល៥ដបផងដែរ។

ក្នុងឱកាសនោះផងដែរ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើង ដោយស្នើដល់បងប្អូន អោយបន្តចូលរួមអនុវត្តន៍នូវវិធានការ «៣ការពារ និង ៣កុំ »ដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង