សមាគម២នឹងរួមគ្នាធ្វើបាតុកម្មនៅព្រលានយន្តហោះភ្នំពេញនៅថ្ងៃទី៣១សីហា បើស្ថាប័នពាក់ព័ន្ធនៅតែមិនមានដំណោះស្រាយ រឿងដកប្រធានសមាគមការពារម៉ូតូកង់បីចេញពីព្រលាន
ភ្នំពេញ៖ ប្រធានសមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកលួស សីហា ដែលជាសមាគមមួយការពារបងប្អូនក្រុមអ្នករត់ម៉ូតូកង់បីស្របច្បាប់នៅក្នុងព្រលានយន្តហោះភ្នំពេញនិងលោកឯល សំភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា គ្រោងនឹង
រួមគ្នាធ្វើបាតុកម្មនៅក្នុងព្រលានយន្តហោះភ្នំពេញនៅថ្ងៃទី៣១សីហាខាងមុខនេះ បើសិនជាស្ថាប័នពាក់ព័ន្ធនៅតែមិនមានដំណោះស្រាយ ពាក់ព័ន្ធករណីដែលក្រុមហ៊ុនSCA/CAMSប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចេញលិខិតមួយច្បាប់យ៉ាងតក់ក្រហល់ ដកលោកលួស សីហាចេញពីប្រធានសមាគម ការពារម៉ូតូកង់បី ចេញពីព្រលានយន្តហោះភ្នំពេញនោះ។
ការបង្ហាញពីគម្រោងរួមគ្នាធ្វើបាតុកម្មរបស់សមាគម
ទាំង២នេះបានធ្វើឡើងឡើងក្នុងសន្និសីទព័ត៌មានមួយជាមួយក្រុមអ្នកព័ត៌មានជាច្រើនអង្គភាពកាលពីព្រឹកថ្ងៃទី២៩សីហា២០១៨នេះ នៅភោជនីយដ្ឋានរស្មីបឹងកក់ ស្ថិតក្នុងខណ្ឌសែនសុខ ។
លោកលួស សីហា បានមានប្រសាសន៍បញ្ជាក់ថា សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ(CAID)
គឺជាសមាគមនតែមួយគត់ដែលទទួលបានសិទ្ធិពីរដ្ឋបាលរាជធានីភ្នំពេញក្នុងការចុះហត្ថលេខាសម្បទានជាមួយនឹងក្រុមហ៊ុនSCA/CAMS ដើម្បីធ្វើអាជីវកម្មដឹកអ្នកដំណើរដោយម៉ូតូកង់បីនៅក្នុងព្រលានយន្តហោះភ្នំពេញអស់រយៈពេល៣អាណត្តិ(១០ឆ្នាំ)កន្លងមកហើយ ដោយបានរកស៊ី ប្រកបដោយសុខដុមរម្យនា និងធ្វើអោយសមាជិក បងប្អូនកង់បី មានជីវភាពធូធា ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។ លោកបន្តថា សម្រាប់អាណត្តិទី៤នេះ ពោលគឺចាប់ពីថ្ងៃទី០១ កញ្ញា២០១៧ រហូតដល់ថ្ងៃទី៣១សីហា
២០២០ សមាគមបានទទួលនូវកិច្ចព្រមព្រៀងបន្តកិច្ចសន្យាសម្បទានសេវាកម្មម៉ូតូកង់បីជាមួយក្រុមហ៊ុនSCA/CAMS រួចរាល់ហើយដែរ។ ប៉ុន្តែនៅមុនការចាប់ផ្តើមអនុវត្តកិច្ចសន្យាអាណត្តិទី៤ថ្មីនេះ ត្រូវបានលោកពា វ៉ាន់ថន ដែលជាសមាជិកបើកបរម៉ូតូកង់បី ដែលបានផ្លាស់មកបំរើការងារនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឃុបខិតគ្នាជាមួយនិងលោកសៅ វឌ្ឍនា នាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមេក្លោង និងជាអ្នកកាងអោយលោកពា វ៉ាន់ថន បានរៀបចំផែនការផ្តួលរំលំសមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងរូបភាពបំភិត បំភ័យ គំរាមកំហែង ញុះញង់និងបំបែកបំពាក់សាមគ្គីភាពផ្ទៃក្នុងរបស់សមាគមន ធ្វើអោយមានជម្លោះផ្ទៃក្នុងសមាគមនចាប់ពីខែកក្កដាឆ្នាំ២០១៧រហូតមកដល់បច្ចុប្បន្ននេះ។ជាក់ស្តែងនៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៨ លោកសៅ វឌ្ឍនា ដែលជានាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានចេញលិខិតមួយច្បាប់ទៅលោកស្រីអគ្គនាយកក្រុមហ៊ុនSCA/CAMS ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងខ្លឹមសារមួយបង្គាប់អោយក្រុមហ៊ុនដករូបលោកចេញពីប្រធានសមាគម ដោយដាក់ជំនួសប្រធានថ្មី។មិនត្រឹមតែប៉ុណ្ណោះទេ លោកសៅ វឌ្ឍនា ថែមទាំងដាក់សម្ពាធដល់ក្រុមហ៊ុន រហូតក្រុមហ៊ុនចេញលិខិតយ៉ាងតក់ក្រហល់មួយច្បាប់មួយអោយរូបលោក ក្នុងន័យបញ្ចប់នូវកិច្ចព្រមព្រៀងបន្តកិច្ចសន្យាសម្បទានសេវាកម្មម៉ូតូកង់បី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាមួយនឹងសមាគមចាប់ពីថ្ងៃទី៣១សីហា ២០១៨នេះតទៅ ដែលនេះជាប្រការធ្វើអោយប៉ះពាល់ដល់មុខរបររកស៊ីចិញ្ចឹមជីវិតរបស់សមាគមទាំង៥៧រូបយ៉ាងធ្ងន់ធ្ងរ។
លោកលួស សីហា បានបញ្ជាក់ទៀតថា ដើម្បីការពារអធិបតេយ្យភាព និងភាពស្របច្បាប់របស់សមាគម សមាគមបានដាក់លិខិតអន្តរាគមទៅសម្តេចតេជោ ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសាធារណការនិងដឹកជញ្ជូន ទៅរដ្ឋបាលរាជធានីភ្នំពេញ ទៅលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងទៅអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមនិងរកយុត្តិធម៌ដល់រូបលោក។ ប៉ុន្តែទោះជាយ៉ាងណាក្តី មកដល់ពេលនេះនៅមិនទាន់បានឃើញ មានការអន្តរាគមរកភាពយុត្តិធម៌អោយរូបគាត់នៅឡើយទេ។ ដូច្នេះ សមាគមរបស់លោកនិងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នឹងរួមគ្នាធ្វើបាតុកម្មនៅក្នុងព្រលានយន្តហោះភ្នំពេញនៅថ្ងៃទី៣១សីហាខាងមុខនេះ ដើម្បីអោយមានដំណោះស្រាយល្អមួយដែលអាចទទួលយកបាន។
ដោយឡែកលោកឯល សំភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាវិញ ក្នុងឱកាសនោះ ក៏បានបានបញ្ជាក់ដែរថា ក្នុងនាមលោកជាប្រធានសមាគមដែរនោះ លោកគាំទ្រជានិច្ចចំពោះអ្វីដែលស្របច្បាប់ ហើយនៅថ្ងៃទី៣១សីហាខាងមុខនេះ សមាគមលោកនឹងចូលរួមជួយគាំទ្រដើម្បីឈានទៅរកការដោះស្រាយដ៏ល្អមួយ។
ចំពោះការចោទប្រកាន់លោកពា វ៉ាន់ថន និងលោកសៅ វឌ្ឍនា ខាងលើនេះ សារព័ត៌មានយើងមិនអាចធ្វើទំនាក់ទំនងសូមការបំភ្លឺពីលោកទាំង២បានឡើយ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី សារព័ត៌មានយើងនឹងបំភ្លឺ បើលោកទាំង២មានការបកស្រាយយ៉ាងណានោះ៕