រថយន្តបុកម៉ូតូ បណ្តាលឲ្យយុវជនម្នាក់ស្លាប់
ភ្នំពេញ ÷ យុវជនម្នាក់ត្រូវបានរថយន្តមិនចាំម៉ាក បើកបញ្រ្ចាសទិសទៅបុកចំពាក់កណ្តាលម៉ូតូ ពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់កាលពីវេលាម៉ោង ៧ និង២០ នាទីយប់ថ្ងៃអាទិត្យទី៥ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហមសំ ណាងភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជាងការ៉ូ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង L-3431 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ទល់មុខនឹងបុរីពិភពថ្មីផ្លូវជាតិលេខ៣ ស្រាប់តែមានរថយន្តបង្ក មិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ទៅបុ.កចំណាក់កណ្តាលម៉ូតូពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលនៅនិងថ្នល់ស្លា.ប់ បាត់បង់ ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់មកក៏បានពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់រួចពិនិត្យ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការស្រាវជ្រាវ រករថយន្តបង្ក៕