ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បញ្ជាក់ពីគម្រោងនៃការហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជា

50


ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។

នៅក្នុងជំនួបនេះ លោកជំទាវ បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតរបស់កម្ពុជា នាពេលកន្លងទៅថ្មីៗ។ លោកជំទាវបានមានប្រសាសន៍ថា ឥណ្ឌាបានបញ្ជូន អ្នកសង្កេតការណ៍បោះឆ្នោតជាច្រើននាក់ មកកាន់កម្ពុជា ហើយបានឃើញនូវដំណើរការបោះឆ្នោតមួយ ដែលមានភាពសេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា។

លោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានសង្កេតឃើញផងដែរថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកទន់ និងផ្នែករឹង។ លើសពីនោះទៅទៀត កម្ពុជាក៏ទទួលបានជោគជ័យជាស្ថាពរ នូវក្នុងការសម្រេចគោលដៅសហស្សវត្សរ៍ ក្នុងរយៈពេលដ៏ខ្លីបំផុត។ លទ្ធផលទាំងនេះ គឺឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងលទ្ធផល នៃការបោះឆ្នោត របស់ប្រជាជនជូនគណបក្សប្រជាជនកម្ពុជា។

លោកជំទាវ ក៏បានជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាជាមួយ នឹងឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីគម្រោងនៃការហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជា និងគម្រោងទទួលផលឆាប់រហ័សផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានអបអរសាទរ លទ្ធផលនៃការបោះឆ្នោតកម្ពុជា ហើយក៏បានជម្រាបជូនយ៉ាងសង្ខេប ពីដំណើរការបោះឆ្នោត និងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា។ សម្តេចក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយដល់កម្ពុជាកន្លងមក តាមរយៈការផ្តល់ជំនួយ ជាពិសេសនៅពេលដែលកម្ពុជា ទើបតែរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុលពត ប្រទេសឥណ្ឌា គឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលទទួលស្គាល់កម្ពុជាដំបូងគេបង្អស់។

សម្តេចតេជោ ក៏បានសម្តែងនូវការស្វាគមន៍ លើកិច្ចពិភាក្សារបស់លោកជំទាវ ជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការហោះហើរត្រង់ និងគម្រោងទទួលផលរហ័ស។ សម្តេចបានមានប្រសាសន៍ថា គម្រោងទទួលផលរហ័សនេះ គឺជួយដោះស្រាយត្រង់ដល់ប្រជាជនកម្ពុជាតែម្តង ជាពិសេសនៅពេលដែលកម្ពុជា កំពុងមានគ្រោះទឹកជំនន់ ដូចពេលបច្ចុប្បន្ននេះ។ គម្រោងនេះ អាចជួយ ក្នុងការស្តារអណ្តូងទឹក, ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យជាដើម ដែលបានទទួលរងគ្រោះទឹកជំនន់នោះ៕

អត្ថបទដែលជាប់ទាក់ទង