ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី បាននឹងកំពុងមមាញឹក ស្ថាបនា កំណាត់ផ្លូវ២ខ្សែ ពីផ្លូវជាតិលេខ៦អា ដល់មហាវិថីឈ្នះ ឈ្នះ ដើម្បីត្រៀស៊ីហ្គេមនៅឆ្នាំ២០២៣

425

ភ្នំពេញ៖ កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ ២០២៣ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
ដើម្បីជំរុញការងារនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះឲ្យបានលឿន ទៅតាមគម្រោងដែលបានគ្រោងទុក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាមួយ ទៅលើបញ្ហាបច្ចេកទេសនិងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ប៉ះពាល់នឹងគម្រោងនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ជាប្រធានគណៈកម្មការដឹកនាំនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេសដែលដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោកមាន ចាន់យ៉ាដា ដែលជាអនុគណៈកម្មការដោះស្រាយផល
ប៉ះពាល់ ត្រូងអនុវត្តការងារនេះឲ្យបានលឿននិងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារនៃការស្ថាបនាផ្លូវអនុវត្តការងារឲ្យបានលឿន មិនមានការរាំងស្ទះ ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ ។
លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ ៦អា រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឺង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ។ ក្រៅពីការស្ថាបនាផ្លូវនេះយើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះយើងដាក់លូជា អក្សអ៊ុយ(U)នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ ២០២៣ ខាងមុខ ។ នៅពេលនេះកម្ពុជាកំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ខណៈ ពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងនោះ។
ស៊ីហ្គេមឆ្នាំ ២០២៣នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕

អត្ថបទដែលជាប់ទាក់ទង