សមត្ថកិច្ចជំនាញ ចាប់ខ្លួនជនជាតិចិន ២នាក់ រឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៧និង២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A(ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
លទ្ធផល ឃាត់ខ្លួនជនសង្ស័យ៖ ២នាក់ : ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329 ។ ២-ឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន គ្មាន។
គ្រឿងញៀន មានដូចជា ១-អ៊ិចស្តាស៊ី (MDMA) 6 kg 546,65g ។ ២-មេតំហ្វេតាមីន (ICE) 1 kg 085,35g ។ ៣-អំហ្វេតាមីន 608,33g ។ ៤-កេតាមីន(Ketamine) 228,89g ។ ៥-នីមេតាហ្សេប៉ាម(Nimetazepam) 1 kg 503,88g -សរុប ទម្ងន់ 9 kg 973,10g ។ ៦-សារធាតុគីមី 4 kg 684,70g ។ ៧-ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕