អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បន្តផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា គ្មានទីពឹង ជនពិការភាព កម្មករ-កម្មការនី ដែលឆ្លងជំងឺកូវីដ-១៩ និងទើបតែបានបញ្ចប់នូវការធ្វើចត្តាឡីស័ក ចំនួន ៧០គ្រួសារ នៅសង្កាត់ចាក់អង្រែក្រោម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ជនគ្មានទីពឹង ជនពិការភាព កម្មករ-កម្មការនី ដែល ទើបតែបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ ចំនួន ៧០គ្រួសារ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ។
ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័ខ្ពស់ ដោយថ្មីៗនេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ កំពង់មានការរីករាលដាលមេរោគកូវីដ-១៩ បម្លែងថ្មីប្រភេទ Delta ជាពិសេសសូមបន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តាប់សារអប់រំនានារបស់ក្រសួងសុខាភិបាល គោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម , មី ១កេស, ទឹកសុីអុីវ ១យួរ, ទឹកត្រី ១យួរ ដើម្បីជួយសំរួលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ៕