ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវកៅស៊ូស្រែអម្ពិល និងផ្លូវកៅស៊ូលេខ១១០ នៅឃុំឈើទាល ស្រុកកៀនស្វាយ ក្លាយជាអាង និងថ្លុក

167

 

កណ្ដាល៖ កាលពីព្រឹកថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១នេះ បើយោងតាមសេចក្ដីរាយការណ៍ ពីសំណាក់អ្នកស្រុក និង មហាជនទូទៅ ដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ កន្លែងផ្លូវខូចទ្រុងទ្រាយធំ មើលទៅដូចអាងចិញ្ចឹមក្រពើ ឬស្រះចិញ្ចឹមត្រី និង ដូចថ្លុកក្របីដេកត្រាំភក់ នៅលើកំណាត់ផ្លូវកៅស៊ូស្រែអម្ពិល កែងផ្លូវកៅស៊ូលេខ១១០ ដែលនៅចំពីមុខខ្លោងទ្វារប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើទាល ដែលស្ថិតនៅក្នុងមូលដ្ឋានឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលនោះ កំពុងរងការខូចខាតជាលក្ខណៈទ្រុងទ្រាយធំជាអន្លើរៗ ដូចឃើញនៅក្នុងរូបភាពនេះ ស្រាប់ដោយបង្កការលំបាកក្នុងការធ្វើដំណើរ តាមមធ្យោបាយនានា ដោយជង្ហុកធំៗ ហើយជ្រៅបែកភក់វ៉លរអិលដូចខ្លាញ់ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ជាហូរហែរគ្មានវាចា៎! នឹងថ្លែងឡើយ។

តាមសេចក្ដីរាយការណ៍ដដែលនោះ បានរាយការណ៍អោយភ្នាក់ងារភ្នំពេញរីផតធ័រ ដឹងទៀតថា ចំពោះផ្លូវថ្នល់រងការខូចខាតខាងលើនោះ ដោយផ្លូវមិនអាចរង នូវទម្ងន់កង់រថយន្តប្រភេទធុនធំ និង ទម្ងន់រថយន្តកុងតឺន័រ ដែលបើកបរឆ្លងកាត់ទាំងយប់ ទាំងថ្ងៃនោះបានឡើយ ហើយពួកគាត់សព្វថ្ងៃនេះ គឺមានការភ័យព្រួយបារម្ភសម្បើមណាស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការរស់នៅពិសេសកូនចៅតូចៗ និងភ័យខ្លាចរថយន្តដែលប្រភេទធុនធំ ពិសេសរថយន្តកុងតឺន័រ ដែលតកន្តុយវែងៗ ដែលបើកបរគ្មានសំចៃទាំងយប់ទាំងថ្ងៃ ឥតប្រណីដោយខ្លាចជ្រុលចង្កូត បុកចូលផ្ទះសម្បែងពួកគាត់ បង្កគ្រោះថ្នាក់មកលើពួកគាត់ ជាយថាហេតុ។

ដូចនេះពួកគាត់ស្នើសុំដល់ថ្នាក់លើ ពិសេសក្រសួងជំនាញការងារផ្លូវថ្នល់ សូមជួយមើលផង និងសុំជួយជួសជុលកែលម្អកន្លែងផ្លូវខូចខាងលើនេះផង ព្រោះអីសព្វថ្ងៃនេះ ពិបាកធ្វើដំណើរ ពិសេសនៅពេលយប់ព្រលប់ និងភ័យព្រួយពីសុវត្ថិភាព ដល់ពួកគាត់ព្រោះរថយន្តធុនធំ ពិសេសរថយន្តកុងតឺន័រ រថយន្តដឹកដែក រថយន្តដឹកទំនិញធុនធំ ដោយតៃកុងរថយន្តនិមួយៗ គាត់បើកបរលឿនៗណាស់ នាពេលរាត្រីនាសព្វថ្ងៃនេះ ហើយមួយវិញទៀតមួយរយះនេះ ពួកគាត់មានការងឿងឆ្ងល់ថា កន្លងមកគេឃើញរថយន្តកុងតឺន័រ បើកបរតាមផ្លូវជាតិលេខ១ វាងចូលតាមផ្លូវកៅស៊ូថៃហ្គរ័ ឆ្ពោះទៅឆ្លងស្ពានព្រែកសំរោងតែមួយរយះនេះ ឃើញរថយន្តកុងតឺន័រ បើកបរវាងចូលតាមផ្លូវកៅស៊ូស្រែអម្ពិលវិញ ដោយឆ្ពោះមកតាមផ្លូវកៅស៊ូលេខ១១០ ឡើងទៅខាងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ៕

អត្ថបទដែលជាប់ទាក់ទង