ក្លែងឯកសណ្ឋានអាវុធហត្ថពាក់សក្តិ៥ យកកាំភ្លើងភ្ជង់នារីម្នាក់ , ចាប់ភ្លាម ព្រះរាជអាជ្ញាខេត្តកំពង់ចាម ដោះលែងភ្លែត
កំពង់ចាម៖ លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដោះលែងបុរសម្នាក់ឱ្យមានសេរីភាពឡើងវិញ ក្រោយពិនិត្យឃើញថា ការដោះលែងនេះមិនប៉ះពាល់នីតិវិធី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលបណ្តឹងរបស់ឈ្មោះ ហួត ហ្វុងហ្វុង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅផ្ទះលេខ៧៥Tផ្លូវជាសុផារ៉ាខណ្ឌភ្នំពេញថ្មី រាជធានីភ្នំពេញ បានប្តឹងឈ្មោះ ព្រុំ នាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅផ្ទះ៥៦អីផ្លូវ៥៨៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានយកអាវុធខ្លីមិនស្គាល់ម៉ាកមក ភ្ជង់គំរាមសម្លាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦៖៣០នាទី ក្នុងខណ:ពេលជនរងគ្រោះមកលេងផ្ទះម្តាយឈ្មោះ ស៊ាង ពៅ នៅភូមិចំណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបណ្តឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩៖០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រុំ នាង ហៅ ព្រុំ តារាណុច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចហាងកាហ្វេ ស្ថិតនៅភូមិចំណោម ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភារដកហូត រួមមាន អាវុធខ្លី(ប្រើហ្គាស)មួយដើម, ឯកសណ្ឋានការងារកងរាជអាវុធហត្ថមួយកំប្លេ , សក្កិវរសេនីយ៍ឯកមួយសម្រាប់។
ក្រោយពីស្តាប់ចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកអាវុធខ្លីគំរាមកំហែងទៅលើឈ្មោះ ហួត ហ្វុងហ្វុង ហើយបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថដែលមានពាក់សក្កិ៥ និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ ប្រាកដមែន ។
ដីកាដោះលែងឱ្យមានសេរីភាព លេខ៖១៥០១ ព.ស/១៨ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក ហួត វុទ្ធី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចផ្ដល់សេរីភាពដល់ ឈ្មោះ ព្រុំ តារាណុច ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ ។ បន្តនីតិវិធីច្បាប់ និង អាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុញ្ញាតដីកានេះ ឱ្យមានប្រសិទ្ធភាព ។
លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម យល់ឃើញថា អង្គហេតុនៃរឿងនេះ ជាបទមជ្ឈិម ។ ជនសង្ស័យមានមេធាវីការពារធានា និង មានការស្នើសុំពីមេធាវី និង ម្តាយរបស់ជនរងគ្រោះ ដើម្បីសុំកុំឱ្យឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ។ ជនសង្ស័យមានសាវតារជាតិនិងទីលំនៅច្បាស់លាស់ និង បើជនសង្ស័យនៅក្រៅឃុំ មិនបង្កឧបសគ្គ ដល់នីតិវិធីការស៊ើបអង្កេតឡើយ ៕