ដោះលែងថៅកែរោងចក្រផលិតគ្រឿងសំអាងរាប់តោនឲ្យទៅផ្ទះវិញ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រោយសាកសួរលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង លោកថៅកែរោងចក្រផលិតគ្រឿងសំអាង ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពេលរកទោសកំហុសមិនឃើញ។
ថៅកែរោងចក្រគ្រឿងសំអាង មានឈ្មោះ អ៊ុច សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧតម្តសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ដោយមានការសហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលរបស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបរោងចក្រ ផលិត និងស្តុកគ្រឿងសម្អាង ក្លែងក្លាយ មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន ១៧មុខខមានទម្ងន់ប្រមាណ ៤,៥តោន និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងម៉ាស៊ីនបាញ់ខ្យល់ ជាច្រើនគ្រឿង៕