ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពរបស់ក្រុមហ៊ុនថ្នាំជក់ ជាទង្វើល្មើសច្បាប់

74

 

ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការក្រើនរំឭកដល់ ក្រុមហ៊ុនថ្នាំជក់ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឆ្លៀតឱកាសផ្សព្វផ្សាយផលិតផលថ្នាំជក់ ឬការឧបត្ថម្ភជាសម្ភារផ្សេងៗ ដល់ក្រសួង ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាទង្វើល្មើសច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ នេះយោងតាមកិច្ចសម្ភាសន៍ជាមួយលោកជំទាវបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ។

បើតាមសេចក្តីប្រកាសព័ត៌មាន អង្គការចលនាដើម្បីសុខភាពកម្ពុជានៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ក៏បានស្នើសុំការសហការពីក្រសួង ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវទទួលជំនួយឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ ដែលមានបង្ហាញពីឈ្មោះផលិតផល ឬឈ្មោះក្រុមហ៊ុនផលិតផលថ្នាំជក់នោះទេ ដោយហេតុថា ការឧបត្ថម្ភនេះ មិនមែនជាកិច្ចការសប្បុរសធម៌ ដែលចូលរួមចំណែកជួយសង្គមនោះឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ ទង្វើទាំងនេះគឺជាការផ្សព្វផ្សាយក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ និងឆ្លៀតឱកាសផ្សព្វផ្សាយលើកតម្កើងកេរិ៍្តឈ្មោះ និងដើម្បីផលប្រយោជន៍ក្រុមហ៊ុនថ្នាំជក់តែប៉ុណ្ណោះ ហើយនេះជាទង្វើល្មើសច្បាប់។

គួរបញ្ជាក់ថា មាត្រា៣នៃអនុក្រឹត្យស្តីពីការបង្កើតនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានចែងហាមសមាជិករបស់ខ្លួនមិនឲ្យមានទំនាស់ផលប្រយោជន៍ឬទំនាក់ទំនងជាមួយឧស្សាហកម្មថ្នាំជក់។ ក្រសួង ស្ថាប័នមួយចំនួន និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ជាសមាជិកនៃគណៈកម្មាធិការនេះ។

យើងសង្កេតឃើញថា កន្លងមកមានក្រុមហ៊ុនថ្នាំជក់មួយចំនួន បានឧបត្ថម្ភសម្ភារបង្ការកូវីដដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលក្រោមជាតិ ដោយបានផ្សព្វផ្សាយនូវសកម្មភាពទាំងនេះ ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបិទបាំងនូវការពិត ដែលថា ការជក់បារីនេះហើយ ដែលបង្កហានិភ័យខ្ពស់ដល់ការឆ្លងជំងឺកូវីដ ហើយអ្នកជក់បារីដែលឆ្លងជំងឺកូវីដ ប្រឈមហានិភ័យសុខភាពខ្ពស់បំផុត បើធៀបទៅនឹងអ្នកមិនជក់បារី។
ក្រុមហ៊ុនបារីខ្លះទៀត បានឆ្លៀតឱកាសចែកចាយបារីដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្សាយពាណិជ្ជកម្មទាក់ទាញអ្នកជក់ថ្មីតាមរយៈផ្ទាំងរូបភាព តាមបណ្តាញព័ត៌មានសង្គម និងតាមភ្នាក់ងារផ្សាយពាណិជ្ជកម្មលក់បារីរបស់ខ្លួន។ សកម្មភាពទាំងអស់នេះ ផ្ទុយទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ។

បើក្រុមហ៊ុនថ្នាំជក់មានបំណងរួមចំណែកកាត់បន្ថយជំងីកូវីដមែន ក្រុមហ៊ុនគួរតែបញ្ឈប់ការផ្សាយលក់បារី និងបង្ហាញសកម្មភាពក្រុមហ៊ុនរបស់ខ្លួន ដើម្បីបិទបាំងការពិតទៀតទៅ។ គួរបញ្ជាក់ផងដែរថា ដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ និងធ្វើអោយខាតបង់សេដ្ឋកិច្ចជាតិ ៦៤៩ លានដុល្លារសហរដ្ឋ បើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង