ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពញាចក្រី ហេង សំរិន ៖ រាជរដ្ឋាភិបាលបានកំណត់ យកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តគន្លឹះ កាត់បន្ថយការឆ្លង និងឈឺធ្ងន់

63

 

ភ្នំពេញ ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា បានអញ្ជើញមកទទួលវ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមការរៀបចំរបស់ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសសំដៅឈានទៅសម្រេចឱ្យបាននូវភាពសាំសហគមន៍ ដែលជាកត្តាជំរុញធានា ឱ្យបាននូវការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរបស់នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញ។

កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំងបានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ដែលរហូតមកដល់ពេលនេះ សឹងតែសម្រេចបាន១០០% ហើយនៃចំនួនគោលដៅ១០លាននាក់នោះ ។ ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ដល់១៧ឆ្នាំវិញ មកដល់ពេលនេះសម្រេចបានជិត៩០% ហើយដែរ ដែលបានទៅចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់។

ក្រសួងសុខាភិបាលបាននិងកំពុងបន្តយ៉ាងសកម្មក្នុងការចាក់វ៉ាក់សំាងដូសទី៣ ឬដូសជំរុញជូនដល់ពលរដ្ឋដែលបានចាក់ដូសទី១និងទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សាំងដូសដំបូង ដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់ សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋរបស់យើង ដែលមានអាយុត្រូវចាក់បានចាក់គ្រប់ៗគ្នា។

ឆ្លៀតឱកាសនេះ សម្តេចហេង សំរិន សូមកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងធ្វើកិច្ចអន្តរាគមន៍តាមភារកិច្ច ព្រមទាំងការចូលរួមយ៉ាងពេញលេញ ពីប្រជាពលរដ្ឋរបស់យើង ដែលបានធ្វើឱ្យយុទ្ធសាស្រ្តាចាក់វ៉ាក់សំាង ការពារសុខុមាលភាពសង្គមជាតិរបស់យើង ទទួលបានជោគជ័យបែបនេះ។

សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា “ខ្ញុំសូមសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន ក្នុងចំនួនយ៉ាងច្រើនជាទីមោទកភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋ និងសង្គមរបស់យើងទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ។ យើងនឹងអាចឈានទៅបើកដំណើរការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយរបស់យើងបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ”។

សម្តេចក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ រួមនឹងដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។

តែទោះជាយ៉ាងណាក្តី សូមជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបយើងចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបានសេចក្តីសុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង