នគរបាលស្រុកសំឡូត ឃាត់ខ្លួនបុរសចំណាស់ម្នាក់ ករណីរំលោភចៅចុងខ្លួនឯង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិតាតោក ឃុំតាតោក ស្រុកសំឡូត អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ស្រុកចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្នុងករណីរំលោភសេពសន្ថវ:លើអនីតិជនក្នុងឆ្នាំ២០២០ រហូតដល់មានផ្ទៃពោះ។
មន្ត្រីនគរបាលស្រុកសំឡូត បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ឌួង ពឿន ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រី១នាក់ ជាច្រើនដងដែលត្រូវជាចៅស្រីខ្លួនឈ្មោះ ស ច ធ អាយុ ១៤ឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០២០ វេលាម៉ោងប្រហែល២៣ និង៣០នាទី រហូតដល់មានផ្ទៃពោះរយៈពេល ២៤សប្តាហ៍ ៥ថ្ងៃ ។
បច្ចុប្បន្នករណីនេះ កម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕