ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ទទួលអំណោយ មនុស្សធម៌ពី សប្បុរសជន ឧបត្ថម្ភជាថវិកា ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែក ក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩

324

ខេត្តព្រះសីហនុ : ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖

១.ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោកជំទាវ ឧបត្ថម្ភជែលលាងដៃ (តូច-ធំ) ១០កេស Hypochlorous ACID ៣កេស ម៉ាស់១០០ប្រអប់ ទឹកសុទ្ធ ២០កេស ទឹកត្រី-ទឹកស៊ីអ៉ីវ ១០០យួរ និងមី១០កេស

២.ក្រុមហ៊ុន ខេអេចស៊ីអិន អ៉ិនវេសមេន & ឌីវេឡុបមិន ឯ.ក ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លាអាមេរិក អង្ករ ១.០០០ គីឡូក្រាម មី ១០កេសធំ និងទឹកពិសារបរិសុទ្ធ ១០០កេស

៣.ជីនប៉ី គ្រុប ឧបត្ថម្ភថវិកាចំនួន ៥០.០០០ ដុល្លាអាមេរិក សម្រាប់សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

៤.សណ្ឋាគារសុីហ៊ូ រីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបមិន ឯ.ក ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លាអាមេរិក សម្រាប់សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

៥.ក្រុមហ៊ុន លីស៊ីន គ្រុប ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លាអាមេរិក សម្រាប់សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងកាស៊ីណូ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណបងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ស្របពេលដែលខេត្តមានបញ្ហាប្រឈមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានបងប្អូនសប្បុរសជនបានចូលរួមឆ្លើយតប និងជាវប្បធម៌ចែករំលែកសម្រាប់ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមពីបងប្អូនសប្បុរសជនទាំងអស់គ្នាមកដល់ពេលនេះ រដ្ឋបាលខេត្តបានរៀបចំសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នង កម្ពស់មួយជាន់ ដែលមានទទឹង ៣០ម៉ែត្រ និងបណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែបានជិត ៤០០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺស្រាល សាងសង់រយៈពេល ៣ខែ យើងក៏មានអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ធ្ងន់មួយអគារផងដែរ នៅក្នុងមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណាត្រូវបានបិទបញ្ចប់នោះទេ ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន កាស៊ីណូ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនសប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង