កំណាត់ផ្លូវដែលទទួលរងការខូចខាតដោយការហូរបាក់ផ្តាច់ដោយជំនន់ទឹកទន្លេសាប បានស្ថាបនាបញ្ចប់១០០ភាគរយហើយ
ភ្នំពេញ៖ កំណាត់ផ្លូវមួយខ្សែដែលទទួលរងការខូចខាតដោយការហូរបាក់ផ្តាច់ដោយជំនន់ទន្លេសាប នៅក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ជ្រោយចង្វា ការដ្ឋាននេះស្ថាបនាបានបញ្ចប់ហើយ ហើយក៏បានបើកអោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ហើយដែរ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា កំណាត់ផ្លូវមួយខ្សែខាងលើនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាក់ថ្មដុំធំៗ និងច្រកបាវខ្សាច់ បំពេញច្រាំងទន្លេសាបដែលបាក់នេះ ហើយការដ្ឋាននេះបានបញ្ចប់១០០ភាគរយ កាលពីពាក់កណ្តាលខែសីហាដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរជាធម្មតាឡើងវិញ។
គួររំលឹកផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ ពោលគឺខណៈដែលលោកដឹកនាំអាជ្ញាធរដែនដី និងមន្រ្តីជំនាញក្រោមឱវាទ ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការបាក់ច្រាំងទន្លេនេះ លោកបានបញ្ជាជាបន្ទាន់ឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការស្ថាបនាឡើងវិញ នៅកំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាតខាងលើនេះភ្លាមៗតែម្តង។
បើតាមការបញ្ជាក់របស់លោកឃួង ស្រេងកាលពីថ្ងៃនៃការចុះធ្វើការត្រួតពិនិត្យនោះថា ការស្ថាបនាផ្លូវច្រាំងទន្លេដែលបាក់នេះ ធ្វើឡើងជាបណ្តោះអាសន្ន សំខាន់ទប់កុំឱ្យបាក់បន្ត និងមួយវិញទៀតគឺអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្តោះអាសន្ន ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ប្រាស្រ័យតែផ្លូវមួយនេះទេ។
លោកអភិបាលកាលណោះក៏បានបញ្ជាក់ថា នៅរដូវទឹកស្រកខាងមុខនេះ លោកនឹងឱ្យមន្រ្តីជំនាញ ចុះមកសិក្សាបច្ចេកទេសឱ្យបានហ្មត់ចត់ ហើយរដ្ឋបាលរាជធានីក៏នឹងអាចបុកស៊ីវផាយ ដើម្បីធ្វើឱ្យផ្លូវនេះរឹងមាំជាប់លាប់តែម្តង៕