ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ ឃាត់ខ្លួន​កូន​ទំនើង ទាត់​ឪពុក​របួសធ្ងន់​ ដោយសារ​ខឹង​ប្រដៅ​ណែនាំ​ រឿង​មិន​ជួយ​ធ្វើ​ការងារ​

71

 

​បន្ទាយ​មាន​ជ័យ​ ៖​ កូនទំនើង​ម្នាក់​ញៀនថ្នាំ មិន​ដែល​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ​ ដេក​ចាក់​តែ​ធុងបាស​រំខាន​ដល់​អ្នក​ជិតខាង​ ពេល​ដែល​ឪពុក​ប្រដៅ​ណែនាំ​ បែរជា​ផ្ទុះ​កំហឹង​ឈ្លោះប្រកែក​ជាមួយ​ឪពុក​ ឈាន​ដល់​ទាត់​ឪពុក ​មួយ​ជើង​ត្រូវ​ឆ្អឹងជំនីរ​ដួល​បោក​ក្បាល​របួសធ្ងន់​ ។​

​ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅ​ភូមិ​កណ្តាល​ ឃុំ​សិង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះជា​ឪពុក​បង្កើត​ឈ្មោះ​ ព្រំ​ ភិត​ ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​ស្ថិត​នៅ​ភូមិ​កណ្តាល​ ឃុំ​សិង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​ ចំណែក​ជន​បង្ក​ឈ្មោះ​ ភិត​ ចាន់​ឌី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ នៅផ្ទះ​ជាមួយ​ឪពុក​ជា​ជន​រង​គ្រោះ​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖ នៅ​មុន​ពេល​កើតហេតុ​ ជន​ដៃដល់​ ឈ្មោះ​ ភិត​ ចាន់​ឌី​ នេះ​មិន​ដែល​ជួយ​ធ្វើ​ការងារ​នោះ​ទេ​ ដេក​តែ​ចាក់​ធុងបាស​រំខាន​គេឯង​ ។​ ដោយ​ឃើញ​ពី​ទ​ង្វើ​របស់​កូន​ខុស​គេ​ ឪពុក​បាន​ណែនាំ​ ក៏​កើតជា​រឿង​ជម្លោះ​ រហូត​ឈាន​ដល់​កូន​ដែល​ប្រដៅ​មិន​បាន​នេះ​ទាត់​ឪពុក​០១​ជើង​ ត្រូវ​ចំ​ឆ្អឹងជំនីរ​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ប្រូ​ស៊ីម៉ងត៍​ពក​ចិញ្ចើម​ខាង​មុខ​ និង​ឈឺ​ចុកចាប់​ត្រង់​ឆ្អឹងជំនីរ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​៖​ ឈ្មោះ​ ភិត​ ចាន់​ឌី​ នេះ​ ជា​មុខសញ្ញា​ប្រើប្រាស​គ្រឿងញៀន​ ធ្លាប់​បាន​យក​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ចំនួន​២​ដង​រួច​មក​ហើយ​ តែ​ជន​នេះ​មិន​កែប្រែ​។​

​បច្ចុប្បន្ន​ ជន​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សិង្ហ​ ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង