ប្រជាពលរដ្ឋមានទំនាស់ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកប្រមូល ផ្តុំគ្នាតវ៉ា ដើម្បីទាមទារចូលទៅកាន់ទីតាំងដីស្រែរបស់គាត់ ខណៈកងកម្លាំងសមត្ថកិច្ចរារាំង
កណ្តាល ៖ ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ដែលមានទំនាស់ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានមកប្រមូល ផ្តុំគ្នាតវ៉ាដើម្បីទាមទារចូលទៅកាន់ទីតាំងដីស្រែរបស់គាត់ ខណៈភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានប្រើគ្រឿងចក្រចូលកាយផ្តាច់ផ្លូវចូលទៅដីស្រែរបស់ពួកគាត់ រហូតដល់មានការផ្ទុះហិ.ង្សា។ ករណីអាជ្ញាធរខេត្តកណ្តាល អំពាវនាវដល់ក្រុមអ្នកតវ៉ាទាំងអស់ បញ្ឈប់នូវរាល់ សកម្មភាពខុសច្បាប់ទាំងឡាយ ហើយងាកមកចូលរួមដោះស្រាយបញ្ហា ដោយសន្តិវិធី។
ប្រជាពលរដ្ឋបានលើកឡើងថា កម្លាំងសមត្ថកិច្ចខេត្តកណ្ដាលជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយនិងដាក់បារ៉ាសដើម្បីរារាំងបិទផ្លូវពួកគាត់ ខណៈភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានប្រើគ្រឿងចក្រចូលកាយផ្តាច់ផ្លូវចូលទៅដីស្រែរបស់ពួកគាត់។
ពលរដ្ឋដែលកំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនប្រមាណជាង១០០នាក់ បានព្យាយាមចូលទៅទប់ស្កាត់កុំឱ្យគ្រឿងចក្រកាយផ្ដាច់ផ្លូវ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។ កងកម្លាំងសមត្ថកិច្ច ត្រូវបានគេដាក់ពង្រាយនិងដាក់បារ៉ាស ដើម្បីចាំរារាំងពលរដ្ឋពីទីតាំងដីស្រែដែលកំពុងមានជម្លោះ។
ពលរដ្ឋជាង៣០០គ្រួសារនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅមិនទាន់ទទួលបានដំណោះស្រាយពីភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅឡើយទេ ខណៈក្រុមហ៊ុនបន្តប្រើគ្រឿងចក្រឈូសឆាយជាបន្តបន្ទាប់ រីឯសមត្ថកិច្ចតែងរារាំងមិនឱ្យពួកគាត់ចូលទៅកាន់ដីស្រែទាំងនោះ។
កន្លងមក ក្រុមពលរដ្ឋបានទាមទារតម្លៃដីស្រែសមរម្យតាមទីផ្សារ គឺក្នុងមួយម៉ែត្រការ៉េតម្លៃប្រហែល១០០ដុល្លារ ប៉ុន្តែខាងអាជ្ញាធរជួយសម្របសម្រួលឱ្យបានក្នុងតម្លៃ៨ដុល្លារឬ១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ពាក់ព័ន្ធប្រជាពលរដ្ឋ មកប្រមូលផ្តុំគ្នាតវ៉ា ដើម្បីទាមទាររហូតដល់មានការផ្ទុះហិ.ង្សានោះ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកញ្ញានេះ បានចេញសេចក្ដីប្រកាសព័ត៌មានសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា កាលពីវេលាម៉ោង ១០និង៣០ព្រឹក នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ មានក្រុមមនុស្សគ្នាប្រមាណ ១០០នាក់ បានមកប្រមូល ផ្តុំគ្នាប្រើអំពើហិ.ង្សា និងធ្វើការជេរប្រមាថ ដោយបានដុតកៅស៊ូកង់ និងសម្ភារៈផ្សេងៗ ប្រើដំបង គ.ប់ដុំថ្ម បាញ់ ជំពាមកៅស៊ូ គ.ប់ដបសាំង មកលើកងកម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើង បំពេញការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បណ្ដាលឱ្យកងកម្លាំងសមត្ថកិច្ចរងរបួសចំនួន ១៣នាក់។ ស្ថិតក្នុងស្ថានភាព ប្រើអំពើហិ.ង្សា កងកម្លាំងបានបង្ខំចិត្តបំបែកក្រុមបាតុករ ដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី ការពារខ្លួន និងបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន ៣០នាក់ ស្រី២០នាក់ ដើម្បីនាំយកមកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ បញ្ឈប់នូវរាល់ សកម្មភាពខុសច្បាប់ទាំងឡាយ ហើយងាកមកចូលរួមដោះស្រាយបញ្ហា ដោយសន្តិវិធី និង អនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនឡើង ៕